(ប៉េកាំង)៖ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញធំៗ ២ របស់ចិន គឺ JD.com និង Suning បានប្រកាសពីការបញ្ចុះតម្លៃទៅលើម៉ូដែល iPhone មួយចំនួន ក្រោយពីក្រុមហ៊ុន Apple បានចេញរបាយការណ៍ពីការលក់ធ្លាក់ចុះ នៃឧបករណ៍អេឡិចត្រូនិចករបស់ខ្លួន នៅក្នុងប្រទេសចិនដែលជាទីផ្សារធំបំផុតនៅលើពិភពលោក និងរបស់ Apple ផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
ក្រុមហ៊ុន Suning បានឲ្យដឹងថា ការប្រែប្រួលតម្លៃនេះបាននាឲ្យប៉ះពាល់លើម៉ូដែល iPhone មួយចំនួនរួមមានទាំង iPhone XR ទំហំ 128GB ដែលទើបនឹងចេញនៅចុងឆ្នាំ២០១៨ ផងដែរ ដោយម៉ូដែលនេះត្រូវបានគេទម្លាក់តម្លៃរហូតដល់ ១,២០០យ័ន ឬ ១៧៨ដុល្លារខណៈតម្លៃដើមរបស់វាគឺ ៦,៩៩៩យ័ន (១,០៣៥ដុល្លារ) ឯណោះ ដូច្នេះក្នុងមួយគ្រឿង វានៅតែសល់ក្នុងតម្លៃជាង ៨៥០ដុល្លារប៉ុណ្ណោះ សម្រាប់ម៉ូដែលមានទំហំផ្ទុក 128GB។
ចំណែកឯក្រុមហ៊ុន JD.com បានប្រកាសពីការបញ្ចុះតម្លៃ ៦០០យ័ន (៨៩ដុល្លារ) សម្រាប់ iPhone 8 ដែលនាពេលនេះធ្លាក់មកនៅ ៣,៩៩៩យ័ន ឬ៥៩១ដុល្លារ និង ៨០០យ័ន (១១៨ដុល្លារ) សម្រាប់ iPhone 8 Plus ដែលធ្លាក់ម ៤,៧៩៩យ័ន (៧១០ដុល្លារ)។ យ៉ាងណាក៏ដោយ មិនទាន់ច្បាស់នោះទេថា វាគឹជារដូវកាលនៃការបញ្ចុះតម្លៃ ឬជាការចាប់ផ្តើមនៃការធ្លាក់ចុះតម្លៃរបស់ម៉ូដែល iPhone ទាំងនេះ។
គួរជម្រាបថា កាលពីសប្តាហ៍មុន Apple បានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលរបស់ខ្លួន សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ឬត្រីមាសទី ១ នៃឆ្នាំសារពើពន្ធ២០១៩ មកនៅ ៨៤ពាន់លានដុល្លារ ដែលវាទាបជាងគោលដៅនៃការរំពឹងទុកក្នុងទីផ្សារ ០៩ភាគរយ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការធ្លាក់ចុះការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន គឺដោយសារតែតម្លៃដ៏ថ្លៃ បូករួមជាមួយការប្រកួតប្រជែងពីក្រុមហ៊ុនផលិតទូរស័ព្ទដៃក្នុងស្រុករបស់ចិនផ្ទាល់ រួមមានដូចជា Huawei និង Xiaomi ជាដើម៕