(ប៉េកាំង)៖ ខណៈដែលស្ថានការណ៍សន្តិសុខជាមួយកោះតៃវ៉ាន់ និងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅតែមានភាពតានតឹងនោះ ប្រទេសចិនក៏ហាក់មិនបានបង្ហាញការខ្វាយខ្វល់អ្វីច្រើនឡើយ ដោយសមិទ្ធផលថ្មីៗពីគ្រប់វិស័យ និងគួរឲ្យភ្ញាក់ផ្អើលនៅតែបន្តលេចចេញមកជានិច្ច តួយ៉ាងថ្មីៗនេះយន្តហោះដ្រូន Sky Hawk ប្រភេទថ្មីត្រូវបានបញ្ចេញជាលើកដំបូងឲ្យអន្តរជាតិបានឃើញ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
Sky Hawk គឺជាប្រភេទយន្តហោះដ្រូន ដែលត្រូវបានអភិវឌ្ឍន៍ និងដាក់ឈ្មោះឲ្យចុងក្រោយគេដោយក្រុមហ៊ុនឧស្សាហកម្មផលិតសព្វាវុធអវកាស និងវិទ្យាសាស្ត្ររដ្ឋចិន ហៅកាត់ថា CASIC។ យន្តហោះដ្រូនប្រភេទនេះ មានសមត្ថភាពក្នុងការបំពេញប្រតិបត្តិការអង្កេតផង និងប្រយុទ្ធផង ហើយវាមានរូបរាងស្រដៀងទៅនឹងយន្តហោះដ្រូន CH-7 របស់ចិនពីមុនដែរ ដែលសុទ្ធសឹងជាប្រភេទគ្រឿងយន្តធ្វើសង្គ្រាម។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនរដ្ឋចិន យន្តហោះដ្រូន Sky Hawk គឺមានទំហំតូចជាង CH-7 និងមានបំពាក់បច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត។ វាជាប្រភេទយន្តហោះដែលអាចធ្វើការបញ្ជាចេញពីយន្តហោះចម្បាំង ឬយន្តហោះយោធាដែលមានមនុស្សជិះ។ ទូរទស្សន៍រដ្ឋចិន CCTV ក៏បានចេញផ្សាយវីដេអូអំពីការហោះហើរបង្ហាញរាង របស់យន្តហោះដ្រូន Sky Hawk ខាងលើនេះផងដែរ ដោយវាត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែមករា កន្លងទៅថ្មីៗនេះ៕