(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅតែរក្សាជំហររបស់ខ្លួនជានិច្ច ដោយមិនទទួលស្គាល់លោក នីកូឡាស ម៉ាឌូរ៉ូ ជាប្រធានាធិបតីអាណត្តិថ្មីរបស់ប្រទេសវេណេស៊ុយអេឡា នោះឡើយ ខណៈដែលលោកទើបតែស្បថឡើងកាន់តំណែងជាផ្លូវការ កាលពីពាក់កណ្តាលសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បាននិយាយថា «សហរដ្ឋអាមេរិកមិនទទួលស្គាល់ការបន្តឡើងកាន់អំណាចដោយខុសច្បាប់របស់មេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ជាដាច់ខាត ព្រោះការជាប់ឆ្នោតរបស់លោក កាលពីខែឧសភា ឆ្នាំ២០១៨ ត្រូវអន្តរជាតិមើលឃើញយ៉ាងច្បាស់ថា ពុំបានប្រព្រឹត្តទៅដោយសេរី តម្លាភាព ឬក៏ការទុកចិត្តបាននោះទេ»។
លោក បូលតុន បានបន្តថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តប្រើប្រាស់ឲ្យអស់ពីលទ្ធភាពនូវ អំណាចសេដ្ឋកិច្ច និងការទូតរបស់ខ្លួន ដើម្បីដាក់សម្ពាធឲ្យកាន់តែធ្ងន់ឡើងៗទៅលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញជូនប្រជាជនវេណេស៊ុយអេឡា។
គួរជម្រាបថា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ម៉ាឌូរ៉ូ បានស្បថបន្តចូលកាន់តំណែងសម្រាប់អាណត្តិទីពីរ ដែលនឹងមានរយៈពេលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ក្រោយរូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែឧសភា ឆ្នាំ២០១៨៕