(វ៉ាស៊ីនតោន)៖ សមាគម​អ្នកគ្រប់គ្រងចរាចរណ៍​ផ្លូវអាកាសជាតិ​អាមេរិក ហៅកាត់ថា NATCA នាថ្ងៃសុក្រ​សប្តាហ៍នេះ បាន​​​សម្រេចប្តឹងរដ្ឋាភិបាល​សហព័ន្ធ​ដែលកំពុងបន្ត​ស្ថិតក្នុងសភាព​បិទទ្វារ ដោយសារ​សមាជិករបស់​ខ្លួន​កំពុង​​បំពេញការ​ងារ ដោយពុំបាន​ទទួលប្រាក់ឈ្នួល​​​នោះឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

ពាក្យបណ្តឹង​ខាងលើត្រូវបានដាក់ទៅ​តុលាការសហព័ន្ធ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយ​ក្នុងនោះបានបញ្ជាក់ថា រដ្ឋាភិបាល​សហព័ន្ធ​​កំពុងរំលោភ​លើច្បាប់ Fifth Amendment នៃរដ្ឋធម្មនុញ្ញ​អាមេរិក ដោយសារតែ​​រដ្ឋាភិបាល​មិនបានផ្តល់ប្រាក់​ឈ្នួលដែល​​​សមាជិក NATCA រកបាន​ដោយពុំមាននីតិវិធី​ត្រឹមត្រូវ តាមច្បាប់​នោះ​ឡើយ។

សមាគម NATCA បានចោទរដ្ឋាភិបាល​អាមេរិកទៀតថា បានបំពានលើ​ច្បាប់ស្តង់ដា​​នៃតម្លាភាព​ពលកម្ម ដោយសារ​​តែ​​មិនផ្តល់​ឲ្យ​​បុគ្គលិក​គ្រប់គ្រង​ចរាចរណ៍ផ្លូវអាកាស យ៉ាងហោច​ណាស់នូវប្រាក់​ឈ្នួលអប្បបរមា និងដោយ​សារទីភ្នាក់ងារ​​រដ្ឋ​ត្រួតពិនិត្យ សេវាចរាចរណ៍​ផ្លូវអាកាស (FAA) មិនបានផ្តល់​ប្រាក់ឈ្នួល​លើសម៉ោងដល់​ពួកគេ ក្នុងអំឡុង​​​នៃ​ការ​​បិទ​ទ្វារ​រដ្ឋា​ភិបាល​។ NATCA តំណាងឲ្យ​​បុគ្គលិក​របស់​ស្ថាប័ន FAA ប្រមាណ ១៩,០០០នាក់ ដែលក្នុងនោះ​មានអ្នកគ្រប់គ្រង​​​​ចរា​ចរណ៍​ផ្លូវអាកាស​ ១៤,០០០នាក់ ផងដែរ។

គួរជម្រាបថា ការបិទទ្វារនៃរដ្ឋាភិបាល​អាមេរិក បានបន្តអូសបន្លាយ​ដល់រយៈពេល ២១ថ្ងៃហើយ គិតត្រឹមថ្ងៃសុក្រសប្តាហ៍​​នេះ (ពេលវេលា​នៅអាមេរិក) ហើយបើបន្ត​ឈានដល់​ថ្ងៃសៅរ៍ វានឹងបំណែក​កំណត់ត្រាចាស់​កាលពីឆ្នាំ១៩៩៥-១៩៩៦ ក្លាយ​ជា​​ការបិទទ្វារ​រដ្ឋាភិបាលសហព័ន្ធ​របស់អាមេរិក ដែលមានរ​យៈពេលយូរជាងគេ​បង្អស់ក្នុងប្រវត្តិសាស្ត្រ។

ដោយសារតែ​បញ្ហានេះ បុគ្គលិករដ្ឋប្រហែល ៨០០,០០០នាក់ ដែលត្រូវបាន​បង្ខំឲ្យផ្អាក​ការងារ ឬក៏ធ្វើការងារដោយ​ពុំបាន​​​ប្រាក់ឈ្នួលចាប់​តាំងពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ជាពេលដែល​ការបិទទ្វារបានចាប់ផ្តើម ត្រូវខកខាន​មិនអាចបើក​ប្រាក់​ខែ​បាននៅថ្ងៃសុក្រ ដែលជាថ្ងៃត្រូវ​បើកប្រាក់ខែ។ ការបិទរដ្ឋាភិបាលនេះ គឺដោយសារ​តែលោក ដូណាល់ ត្រាំ នៅតែរក្សាជំហរ​ទាមទារកញ្ចប់ប្រាក់​កសាងព្រំដែនជាមួយ​ម៉ិចស៊ីកូ ប្រមាណជាង៥ពាន់​លានដុល្លារ ខណៈសមាជិក​សភាបក្ស​ប្រជាធិបតេយ្យ ក៏រក្សាជំហរ​មិនព្រមអនុម័ត​ដូចគ្នា៕