(ប៉េកាំង)៖ នាថ្ងៃសុក្រសប្តាហ៍នេះចិនបានប្រកាសថា បេសកកម្ម «ឆាងអឺ៤» ដែលជាការបញ្ជូនយានទៅចុះចតនៅលើចំហៀងផ្ទៃព្រះច័ន្ទដែលបែរចេញពីផែនដីរបស់នោះ បានទទួលជោគជ័យទាំងស្រុង។ ជាមួយគ្នានេះទីភ្នាក់ងារអវកាសចិន CNSA ក៏បានបង្ហាញរូបភាពថ្មីៗនៃយានអវកាសរបស់ខ្លួន ដែលកំពុងស្ថិតនៅទីនោះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
ក្នុងចំណោមរូបភាពដែលទីភ្នាក់ងារ CNSA បានបញ្ចេញនៅថ្ងៃសុក្រ គឺមាន២សន្លឹក ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវយាន «ឆាងអឺទី៤» ដែលជាប្រភេទ Lander មិនអាចចល័តបាន និងយានមួយទៀតដែលវានាំយកទៅជាមួយមានឈ្មោះថា «Yutu-2 ឬទន្សាយគជ់ទី២» ជាប្រភេទ Rover មានកង់អាចចល័តទៅមកបាន។ រូបភាពទាំងពីរសន្លឹកនេះ បានមកពីការថតរូបគ្នាទៅវិញទៅមកនៃយានទាំងពីរគ្រឿង។ សម្រាប់ការបញ្ជូនទិន្នន័យនានាពីពួកវាមកកាន់ផែនដី ត្រូវធ្វើឡើងតាមរយៈផ្កាយរណបមួយគ្រឿងរបស់ចិនឈ្មោះថា «Queqiao ឬស្ពានសត្វល្វាចេក» ដែលកំពុងគោចរនៅជុំវិញព្រះច័ន្ទ។
យាន «ឆាងអឺទី៤» បានចុះទៅដល់តំបន់រណ្តៅ Von Karman ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះច័ន្ទ កាលពីថ្ងៃទី០៣ ខែមករា ហើយយាន «ទន្សាយគជ់ទី២» បានចាកចេញពីវាដើម្បីរត់លើដីព្រះច័ន្ទនៅប៉ុន្មានម៉ោងក្រោយ នៅក្នុងថ្ងៃជាមួយគ្នា។ ក្រោយមក យាន Rover នេះ បានសម្រាកមួយរយៈ ដោយសារតែរលកវិទ្យុសកម្មព្រះអាទិត្យ បានបង្កើនសីតុណ្ហភាពលើផ្ទៃព្រះច័ន្ទដល់ជាង១០០អង្សាសេ និងទើបចាប់ផ្តើមការងារឡើងវិញនៅថ្ងៃព្រហស្បតិសប្តាហ៍នេះ។
គួរជម្រាបថា បេសកកម្មរុករកឋានព្រះច័ន្ទរបស់ប្រទេសចិន បានចាប់ផ្តើមកាលពីឆ្នាំ២០០៤មកម្ល៉េះ ហើយជាច្រើនឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារអវកាសចិន ធ្លាប់បានបញ្ជូនផ្កាយរណប (ឆាងអឺទី១ និងឆាងអឺទី២) ទៅកាន់គន្លងគោចររបស់ព្រះច័ន្ទ ក៏ដូចជាយាន Lander «ឆាងអឺទី៣» និងយាន Rover «ទន្សាយគជ់ទី១» ទៅចុះចតលើផ្ទៃព្រះច័ន្ទ។ សម្រាប់ការចុះចតនៅចំហៀងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថាតំបន់ «Far Side ឬ Dark Side» នោះ គឺជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ៕