(ប៉េកាំង)៖ គណបក្សកុម្មុនិស្តចិន បានផ្ញើសារចូលរួមអបអរសាទរចំពោះ បេសកកម្មរុករកលើឋានព្រះច័ន្ទ «Chang'e-4 (ឆាងអឺទី៤)» ដែលទីភ្នាក់ងារអវកាសចិន ទើបបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រនេះថា បានទទួលជោគជ័យទាំងស្រុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
បក្សកុម្មុយនិស្តចិន បានធ្វើការស្ញើចសរសើរដល់បេសកកម្ម Chang'e-4 ថា ជាសមិទ្ធិផលជោគជ័យដ៏អស្ចារ្យមួយទៀត នៅក្នុងវិស័យអវកាស និងជាសញ្ញាដ៏សំខាន់មួយនៃការបោះជំហានរបស់ចិន ដើម្បីឆ្ពោះទៅរកការក្លាយខ្លួនជាប្រទេសដ៏រឹងមាំមួយក្នុងផ្នែករុករកនៅទីអវកាស។
គួរជម្រាបថា ការប្រកាសជោគជ័យទាំងស្រុងនៃបេសកកម្ម Chang'e-4 នៅថ្ងៃនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារអវកាសចិន CNSA បានមើលឃើញថា អ្វីៗទាំងអស់ដំណើរការទៅយ៉ាងរលូន បន្ទាប់ពីយានអវកាសនេះ បានចុះទៅដល់ផ្ទៃចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទកាលពីថ្ងៃទី០៣ ខែមករា ហើយនាពេលនេះយាន Chang'e-4 រួមនិងយានចល័តមួយគ្រឿងទៀតឈ្មោះថា «Yutu-2» ដែលវានាំយកទៅជាមួយ នឹងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវរបស់ពួកវាជាផ្លូវការនៅទីនោះ៕