(វ៉ាស៊ីនតោន)៖ ប្រភពស្និទ្ធនឹងកំពូលមហាសេដ្ឋីអាមេរិក លោក Jeff Bezos បានឱ្យដឹងថាលោក និងភរិយាមិនមានកិច្ចព្រមព្រៀងបែងចែក ទ្រព្យសម្បត្តិមុននឹងរៀបអាពាហ៍ពិពាហ៍នោះទេ ដូច្នេះអ្នកទាំង២នឹងត្រូវចែកទ្រព្យសម្បត្តិជាពីរចំណែកស្មើគ្នា (50/50)។ នេះបើតាមគេហទំព័រ TMZ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
TMZ ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថា លោក Jeff និងភរិយាគឺលោកស្រី Mackenzie Bezos នឹងដាក់ពាក្យលែងលះគ្នា ទៅកាន់តុលាការទីក្រុងវ៉ាស៊ីនតោនក្នុងពេលឆាប់ៗនេះ ជាទីដែលច្បាប់ពាហ៍ពិពាហ៍បានចែងថារាល់ទ្រព្យសម្បត្តិ និងចំណូលរកបានអំឡុង ចំណងអាពាហ៍ពិពាហ៍នឹងត្រូវបែងចែកជា២ស្មើគ្នា ក្នុងករណីលែងលះ។
ប៉ុន្តែបើសិនជាទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីអាមេរិកជាប់លេខ១នៅលើពិភពលោក លោក Jeff Bezos ដែលបច្ចុប្បន្នមានទ្រព្យ១៣៧ ពាន់លានដុល្លារ ត្រូវបែងចែកជា២មែន នោះវាអាចនឹងធ្វើឱ្យលោកស្រី Mackenzie ក្លាយជាស្ត្រីមានលុយច្រើនជាងគេនៅលើលោកខណៈ ម្ចាស់ក្រុមហ៊ុន Amazon រូបនេះអាចនឹងធ្លាក់មកនៅលេខរៀងទី៥ ឬទី៦ឯណោះនៃបញ្ជីឈ្មោះអ្នកមានជាងគេលើលោក។
គួរបញ្ជាក់ថា លោក Jeff Bezos បានប្រកាសថា លោក និងភរិយាគឺលោកស្រី MacKenzie បានសម្រេចចិត្តបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាង ២៥ឆ្នាំ ហើយបន្តរាប់អានគ្នាជាមិត្ត កាលពីថ្ងៃពុធកន្លងទៅ។ អ្នកទាំងពីរមានកូនចំនួន ០៤នាក់ ក្នុងនោះមានកូនប្រុស ០៣នាក់ និងកូនស្រីម្នាក់ រីឯមូលហេតុនៃការលែងលះនេះមិនទាន់ត្រូវគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ៕