(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូ បានរកឃើញសាកសពមនុស្ស២១នាក់ ដែលត្រូវបានគេដុតឱ្យឆេះខ្លោចនៅក្នុងរដ្ឋ Tamaulipas ជាប់ព្រំដែន ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរម៉ិចស៊ីកូ សាកសពមនុស្សទាំង២១នាក់ខាងលើ ទំនងជាជនរងគ្រោះនៃការវាយប្រយុទ្ធរវាងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ហើយត្រូវបានគេឃើញនៅក្នុងរថយន្ដ០៧គ្រឿង ដែលត្រូវបានគេដុតបំផ្លាញចោលនៅក្បែរទីក្រុង Ciudad Miguel Aleman រដ្ឋ Tamaulipas ស្ថិតនៅចំងាយ២៧០គីឡួម៉ែត្រពីទីក្រុង McAllen រដ្ឋ Texas ជាទីដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបំពេញ ដំណើរទស្សនកិច្ច។
គួរបញ្ជាក់ថា រដ្ឋ Tamaulipas ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតប្រទេសម៉ិចស៊ីកូ គឺជាតំបន់ជួញដូរគ្រឿងញៀនមួយដ៏សំខាន់ និងជាទីដែលការ សម្លាប់រង្គាលតែងតែកើតឡើងជាញឹញយរវាងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយម៉ិចស៊ីកូជាច្រើន ចាប់តាំងពីរដ្ឋាភិបាលម៉ិចស៊ីកូ ដាក់ពង្រាយយោធាបង្រ្កាបគ្រឿងញៀនកាលពីឆ្នាំ២០០៦មក មនុស្សច្រើនជាង២០០,០០០នាក់ ត្រូវបានសម្លាប់ ហើយក្នុងនោះ២៨,៧១១នាក់ ត្រូវបានសម្លាប់កាលពីឆ្នាំ២០១៧៕