(ប៉ូឡូញ)៖ អាជ្ញាធរប៉ូឡូញបានចាប់ខ្លួនបុគ្គលិកម្នាក់ របស់ក្រុមហ៊ុនចិន Huawei និងម្នាក់ទៀតជាជនជាតិប៉ូឡូញ មកពីក្រុមហ៊ុនឯកទេសព័ត៌មានវិទ្យាមួយនៅក្នុងស្រុក ពីបទសង្ស័យថា បានប្រព្រឹត្តអំពើចារកម្ម។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
Reuters ផ្អែកលើប្រភពពីស្ថានីយទូរទស្សន៍រដ្ឋប៉ូឡូញ TV channel TVP បានបញ្ជាក់ដែរថា ក្រុមមន្ត្រីសន្តិសុខប៉ូឡូញបានចុះឆែកឆេរការិយាល័យតំបន់ជាច្រើនរបស់ក្រុមហ៊ុន Huawei និងការិយាល័យក្រុមហ៊ុនទូរគមនាគមន៍ប៉ូឡូញ Orange។ ប៉ុន្តែភ្លាមៗក្រុមហ៊ុនទាំងពីរ នេះមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ខណៈ TVP អះអាងថា ជនជាតិចិនខាងលើគឺជាអ្នកជំនួញម្នាក់ កំពុងបម្រើការងារឱ្យក្រុមហ៊ុន Huawei រីឯជនជាតិប៉ូឡូញម្នាក់ទៀត គឺជាអតីតទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិប៉ូឡូញតែម្ដង។
គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរកាណាដា ក៏បានចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ផងដែរ តាមសំណើរបស់សហរដ្ឋអាមេរិកដែលចោទថា លោកស្រីបានរំលោភលើទណ្ឌកម្មអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ ប៉ុន្តែក្រោយការចាប់ខ្លួននេះ ទីក្រុងប៉េកាំងបានចាប់ខ្លួនជនជាតិកាណាដាវិញជាបន្តបន្ទាប់ ហើយមជ្ឈដ្ឋានខ្លះយល់ថា នេះគឺជាវិធានការសងសឹករបស់ចិនចំពោះកាណាដា៕