(តៃប៉ិ)៖ ប្រធានាធិបតីកោញតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) នៅថ្ងៃសុក្រនេះ បានតែងតាំងអតីតប្រធានគណបក្សកាន់អំណាចរបស់លោកស្រីសព្វថ្ងៃ ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងគណៈរដ្ឋមន្ត្រីទាំងមូលលាចេញពីតំណែង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
លោកស្រី Tsai បានសម្រេចចិត្តតែងតាំងអតីតប្រធាន គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) លោក ស៊ូ ត្សេងឆាង (Su Tseng-chang) ជានាយករដ្ឋមន្ត្រីតៃវ៉ាន់ថ្មី ដោយអះអាងថា ទីក្រុងតៃប៉ិកំពុងជួបបញ្ហាប្រឈមជាច្រើននៅក្នុងស្រុក និងការគំរាមកំហែងជាថ្មីសំណាករដ្ឋាភិបាលចិនដីគោក។ ប្រធានាធិបតីតៃវ៉ាន់រូបនេះបានបន្ថែមយ៉ាងដូច្នេះថា «ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កោះតៃវ៉ាន់កំពុងជួបបញ្ហាប្រឈមជាច្រើន ខណៈចិនកាន់តែបង្កើនការគំរាមកំហែងប្រើប្រាស់កម្លាំងយោធា ក៏ដូចជាបង្ខំឱ្យតៃវ៉ាន់ទទួលយកប្រទេសមួយប្រព័ន្ធគ្រប់គ្រង ២ ជាដើម។
គួរបញ្ជាក់ថា ការតែងតាំងលោក Su Tseng-chang ជានាយករដ្ឋមន្ត្រីតៃវ៉ាន់ថ្មី ធ្វើឡើងបន្ទាប់ពីលោក វីលៀម ឡៃ (William Lai) ដែលជានាយករដ្ឋមន្ត្រីមុន និងគណៈរដ្ឋមន្ត្រីរបស់លោក បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ជាការទទួលខុសត្រូវចំពោះបរាជ័យរបស់គណបក្ស DPP នៅក្នុងការបោះឆ្នោតថ្នាក់តំបន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ម្យ៉ាវិញទៀត លោក Lai នឹងក្លាយជានាយករដ្ឋមន្ត្រីតៃវ៉ាន់ទី ២ ដែលលាលែងចេញពីតំណែងចាប់តាំងពីលោកស្រី Tsai ឡើងកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០១៦ មក៕