(ប៉េកាំង)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ កិច្ចពិភាក្សាថ្នាក់អនុរដ្ឋមន្រ្តីស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកបានបិទបញ្ចប់នៅក្រុងប៉េកាំង។ នេះជាកិច្ចពិភាក្សាផ្ទាល់ជាលើកដំបូង ក្នុងន័យអនុវត្តគំនិតឯកភាពដ៏សំខាន់ នៃកិច្ចជំនួបរវាងប្រមុខរដ្ឋចិន និងអាមេរិកនៅប្រទេសអាហ្សង់ទីន ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងលម្អិតអំពីបញ្ហាពាណិជ្ជកម្ម និងបញ្ហារចនាសម្ព័ន្ធដែលភាគីទាំងពីរបានយកចិត្តទុកដាក់ដូចគ្នា ដែលជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហា ប្រកបដោយការយកចិត្តទុកដាក់រៀងៗខ្លួន។
មើលតាមលទ្ធផលនៃកិច្ចពិភាក្សាលើកនេះ គំនិតឯកភាពរបស់ភាគីទាំងពីរលើវិស័យពាណិជ្ជកម្ម ដូចជាការដែលឲ្យប្រទេសចិនពង្រីកការនាំចូលកសិផល និងផលិតផលថាមពលពីសហរដ្ឋអាមេរិក នឹងអាចបំពេញតម្រូវការរបស់ប្រជាជនចិន ចំពោះជីវភាពដែលមានគុណភាពខ្ពស់ និងជំរុញឲ្យសេដ្ឋកិច្ចវិវឌ្ឍន៍រីកចម្រើន ប្រកបដោយគុណភាពខ្ពស់ផងដែរ។
នៅក្នុងកិច្ចពិគ្រោះពិភាក្សា ភាគីអាមេរិកបានលើកពីបញ្ហាភាពជារចនាសម្ព័ន្ធ ក្នុងនោះមានពាក់ព័ន្ធនឹងរបបសន្តិសុខ និងមនសិការរបស់ប្រទេសចិន ដូច្នេះភាគីចិនមិនអាចទទួលយកបានឡើយ ប៉ុន្តែមានបញ្ហាខ្លះមានទិសដៅស្របជាមួយនឹងការធ្វើឲ្យកំណែងទម្រង់កាន់តែស៊ីជម្រៅ និងពង្រីកការបើកចំហរបស់ប្រទេសចិន បញ្ហាទាំងនេះគឺស្ថិតក្នុងដំណើរដោះស្រាយ ឬកំពុងជំរុញឲ្យដោះស្រាយ។
ទោះបីមានជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក ឬអត់ក៏ដោយ ក៏ប៉ុន្តែបញ្ហាដូចជាការការពារកម្មសិទ្ធិបញ្ញា និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ការអនុញ្ញតចូលរួមទីផ្សាររបាំងមិនមែនពន្ធគយជាដើម សុទ្ធតែជាបញ្ហាដែលប្រទេសចិនចាំបាច់ត្រូវតែដោះស្រាយ នៅក្នុងដំណើរសម្រេចការអភិវឌ្ឍដោយគុណភាពខ្ពស់។ កិច្ចពិគ្រោះពិភាក្សាថ្នាក់អនុរដ្ឋមន្ត្រីស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និង
អាមេរិកបានឈានដល់គំនិតឯកភាពលើបញ្ហាទាំងនេះ គឺវាសមស្របនឹងទិសដៅរបស់ប្រទេសចិនស្តីពីការធ្វើឲ្យកំណែទម្រង់ និងការបើកចំហកាន់តែស៊ីជម្រៅ។
បន្ទាប់ពីជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកមានកម្រិតកាន់ តែធ្ងន់ធ្ងរអស់ជាង ៩ខែមក ប្រទេសទាំងពីរទទួលបានការវិវឌ្ឍលើការពិគ្រោះពិភាក្សាថ្នាក់អនុរដ្ឋមន្រ្តី មូលហេតុសំខាន់មួយ គឺប្រទេសទាំងពីររហូតដល់ទូទាំងពិភពលោក សុទ្ធតែចាប់អារម្មណ៍ដល់ភាពឈឺចាប់ ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម។
ការសែតញូយ៉កថែមបានសម្គាល់ឃើញថា សង្គ្រាមពាណិជ្ជកម្មបាននាំឲ្យទីផ្សារហិរញ្ញវត្ថុ និងស្រទាប់សេដ្ឋកិច្ចត្រូវបង់តម្លៃកាន់តែច្រើនឡើងៗ ធ្វើឲ្យមនុស្សទាំងឡាយព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងណាស់ការឈានដល់កិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មចុងក្រោយ គឺមិនគ្រាន់តែជាក្តីបំណងរួមរបស់ប្រទេសទាំងពីរចិន និងសហរដ្ឋអាមេរិកនោះទេ ថែមទាំងជាការរំពឹងរួមរបស់ពិភពលោកទាំងមូលផងដែរ។
ដោយសារបញ្ហាជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកមានលក្ខណៈស្មុគស្មាញ ប្រទេសចិនបានខិតខំប្រឹងប្រែងដោយពេញទំហឹង ដើម្បីដោះស្រាយការខ្វែងគំនិតរវាងប្រទេសទាំងពីរ ដោយបង្ហាញពីភាពស្មោះត្រង់បំផុត តែការឈានដល់កិច្ចព្រមព្រៀងចុងក្រោយ គឺត្រូវការការខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរចិន និងសហរដ្ឋអាមេរិកដដែល ៕