(វៀងច័ន្ទ)៖ ទំហំពាណិជ្ជកម្មរវាងប្រទេសឡាវ និងវៀតណាម ដែលស្ថិតនៅភូមិផងរបងជាមួយគ្នានោះបានលោតដល់ទំហំជាង ១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្នុងនោះការដោះដូរទំនិញគ្រប់ប្រភេទមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានឡាវ Vientiane Times កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ប្រទេសឡាវអាចរកចំណូលបាន ៧២៣.៥លានដុល្លារ ពីការនាំទំនិញចេញទៅលក់នៅប្រទេសវៀតណាម ហើយបានចំណាយ ៥៥២.២លានដុល្លារ ក្នុងការនាំចូលទំនិញមកបំពេញទីផ្សាររបស់ខ្លួនវិញ។ ទំនិញសំខាន់ៗដែលឡាវបាននាំចេញទៅវៀតណាមមានដូចជា ទឹកបរិសុទ្ធ រ៉ែគ្រប់ប្រភេទនិងផលិតផលឈើ ព្រមទាំងផលិតផលកសិកម្មផ្សេងទៀតមានដូចជា ជ័រកៅស៊ូ កាហ្វេ អង្ករ ពោត ដំបូងមី និងសត្វគោក្របីជាដើម។
គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាង វៀតណាមឈរនៅលេខរៀងទី ៣ ប៉ុណ្ណោះនៃប្រទេសដែលធ្វើពាណិជ្ជកម្មធំបំផុតជាមួយឡាវ ខណៈចិន និងថៃ គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ឡាវ។ បន្ថែមនេះ បច្ចុប្បន្នក្រុមហ៊ុននានាមកពីវៀតណាម កំពុងតែវិនិយោគ ៤០៩គម្រោងនៅក្នុងប្រទេសឡាវ ជាមួយទំហំទឹកប្រាក់សរុប ៤.១ពាន់លានដុល្លារអាមេរិក ដោយភាគច្រើនផ្តោតទៅលើវិស័យរុករករ៉ែ ដឹកជញ្ជូន ផលិតថាមពលវារីអគ្គិសនី ដាំដំណាំកសិ-ឧស្សាហកម្ម និងបម្រើសេវាកម្មនានាផងដែរ។
ក្រៅតែពីប្រទេសទាំងប៉ុន្មានខាងលើនេះ ឥណ្ឌា ជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ក៏ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ឡាវផងដែរ។ សម្រាប់ឆ្នាំ២០១៩នេះ ប្រទេសឡាវរំពឹងថា នឹងជួបអតុល្យភាពខ្ពស់លើជញ្ជីងពាណិជ្ជកម្មរបស់ខ្លួន ដោយក្នុងនោះប្រទេសអាស៊ានមួយនេះរំពឹងថា នឹងសម្រេចបានការនាំចេញ ៥,៥១៦លានដុល្លារ ខណៈការនាំចូលមកវិញគឺរហូតដល់ ៥,៧៧៥លានដុល្លារឯណោះ៕