(ប៉េកាំង)៖ ចិនត្រូវការនាវាផ្ទុកយន្តហោះចម្បាំងយ៉ាងតិច ០៣គ្រឿង ដើម្បីការពារដែនសមុទ្រ និងផលប្រយោជន៍របស់ខ្លួននៅឯបរទេស ខណៈបច្ចុប្បន្នមានតែមួយគ្រឿងប៉ុណ្ណោះដែលកំពុងដំណើរការពេញលេញ និងមួយគ្រឿងទៀតទើបដាក់ឲ្យសាកល្បង។ នេះបើតាមអ្នកជំនាញកងទ័ពជើងទឹកចិនមា្នក់ ដកស្រង់ដោយសារព័ត៌មាន Japan Times នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា មហាយក្សចិនបានចាប់ផ្ដើមសាងសង់នាវាផ្ទុកយន្ដហោះចម្បាំងទី ៣ តែមកទល់នឹងពេលនេះ ក្រសួងការពារជាតិមិនទាន់ទទួលស្គាល់ព័ត៌មាននេះ ជាផ្លូវការនៅឡើយទេ។ ប៉ុន្តែបើតាមអ្នកជំនាញខាងកងទ័ពជើងទឹកចិនលោក ចាង ជុនសេ (Zhang Junshe) ដើម្បីការពារដែនសមុទ្រ និងផលប្រយោជន៍របស់ចិននៅឯបរទេស ទីក្រុងប៉េកាំង ត្រូវតែមាននាវាផ្ទុកយន្ដហោះចម្បាំងយ៉ាងតិច ០៣គ្រឿង។
លោក Zhang Junshe បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសរបស់យើងមានឆ្នេរបណ្ដោយប្រវែង ១៨,០០០គីឡូម៉ែត្រ... ដូច្នេះខ្ញុំគិតថា យើងត្រូវការនាវាផ្ទុកយន្ដហោះចម្បាំង ០៣គ្រឿង ដើម្បីការពារដែនសមុទ្រ និងផលប្រយោជន៍របស់ខ្លួននៅឯបរទេស»។ លោក Junshe ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងចូលរួមកិច្ចប្រជុំជាមួយសារព័ត៌មានចិន និងបរទេសកាលពីថ្ងៃពុធកន្លងទៅ នឹងស្របពេលដែលគេមើលឃើញថា ចិនមាននាវាផ្ទុកយន្ដហោះចម្បាំង កំពុងធ្វើប្រតិបត្តិការពេញលេញតែមួយគ្រឿងប៉ុណ្ណោះ ហើយបើធៀបទៅនឹងសព្វថ្ងៃ ចិននៅដើរតាមពីក្រោយ សហរដ្ឋអាមេរិកឆ្ងាយណាស់ ដែលមាននាវាផ្ទុកយន្ដហោះចម្បាំង ១១គ្រឿង។
គួរជម្រាបថា បច្ចុប្បន្នចិនមាននាវាផ្ទុកយន្ដហោះចម្បាំងតែមួយគត់ ដែលកំពុងដំណើរការពេញលេញគឺ លាវនីង (Liaoning) ជាប្រភេទនាវាចម្បាំងសល់ ពីអតីតសម័យសហភាពសូវៀតកាលពីជាង ៣០ឆ្នាំមុន និងត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១២។ ចំណែកឯ នាវាផ្ទុកយន្ដហោះចម្បាំង ឈ្មោះ Type 001A ត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨ តែកំពុងស្ថិតនៅក្រោមការសាកល្បងនៅឡើយ៕