(ឡុងដ៍)៖ ក្រុមហ៊ុនសេវាកម្ម​ហិរញ្ញវត្ថុអង់គ្លេស Standard Chartered បានព្យាករណ៍ថា នៅឆ្នាំ២០៣០ សហរដ្ឋអាមេរិក​នឹងធ្លាក់មក​នៅលេខរៀងទី៣ នៃប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើ​ពិភពលោក ខណៈចិននឹង​ឡើងទៅឈរ​នៅលេខទី១ តាមពីក្រោយ​ដោយ​ឥណ្ឌា។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩។

បន្ថែមពីលើនេះ ក្រុមហ៊ុន Standard Chartered បានវាយតម្លៃ​ទៀតថា ឥណ្ឌូណេស៊ីនឹងក្លាយជា​ប្រទេសមានសេដ្ឋកិច្ច​ធំជាងគេលំដាប់ទី ៤ នៅលើ​ពិភពលោក។ ប៉ុន្តែគួរឱ្យកត់សម្គាល់​គឺមហាយក្សសេដ្ឋកិច្ច​ជប៉ុន ដែលបច្ចុប្បន្នកំពុង​ឈរនៅលេខរៀងទី ៣ នឹងធ្លាក់ទៅដល់ទី ៩ ឯណោះ ហើយអាល្លឺម៉ង់​ជាប់លេខ ១០។

គួរបញ្ជាក់ថា ក្រៅតែពី​ក្រុមហ៊ុន Standard Chartered ស្ថានីយ​ទូរទស្សន៍ Fox Business ក៏បានព្យាករណ៍ផងដែរថា ចិននឹងឡើងទៅឈរ​លេខរៀងទី ១ ឥណ្ឌាលេខ ២ និងសហរដ្ឋអាមេរិ​កធ្លាក់មកនៅលេខ ៣ ក្នុងនាមជាមហា​អំណាចសេដ្ឋកិច្ច​ធំជាងគេបំផុត នៅលើ​ពិភពលោក​នៅឆ្នាំ២០៣០។

ការវាយតម្លៃ និងព្យាករណ៍​គឺយោងទៅលើ​កំណើនសេដ្ឋកិច្ច ​ប្រជាជន និង​​ការបង្កើតគោល​នយោបាយ​សេដ្ឋកិច្ច​នៃប្រទេសនានាទាំង​នោះ ដើម្បីអភិវឌ្ឍន៍​​សេដ្ឋកិច្ច​រៀងៗខ្លួន ហើយបើពួកគេ​អាចធ្វើបាន នោះ​ទំហំសេដ្ឋកិច្ចប្រទេសនោះ​ក៏នឹងហក់​ឡើង​ផងដែរ។ ខាងក្រោម​នេះជាលេខរៀង នៃបណ្តាប្រទេសមហាយក្សសេដ្ឋកិច្ចទាំង ១០ នៅឆ្នាំ២០៣០ ដែលក្រុមហ៊ុន​អង់គ្លេសខាងលើនេះ​បានព្យាករណ៍៖

១៖ ចិន
២​៖ ឥណ្ឌា
៣៖ សហរដ្ឋអាមេរិក
៤៖ ឥណ្ឌូណេស៊ី
៥៖ តួកគី
៦៖ ប្រេស៊ីល
៧៖ អេហ្ស៊ីប
៨៖ រុស្ស៊ី
៩៖ ជប៉ុន
១០៖ អាល្លឺម៉ង់