(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រើពាក្យសម្តីអសុរសតិះដៀលលើក្រុមអាចារ្យគ្រឹស្តសានានៅក្នុងប្រទេសលោកថា សុទ្ធតែជាកូនស្រីសំផឹង និងមនុស្សស្រឡាញ់ភេទដូចគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សាលារៀនមួយកន្លែង នៅភាគខាងជើងរដ្ឋធានីម៉ានីល លោក ឌូតឺតេ បាននិយាយថា មានតែរូបលោកម្នាក់ប៉ុណ្ណោះ ដែលអាចហៅក្រុមអាចារ្យគ្រឹស្តសាសនាថា ជាកូនស្រីសំផឹងបាន ហើយវាជាការពិតជាក់ស្តែង។ លោកប្រធានាធិបតីហ្វីលីពីនបានបន្តទៀតថា ភាគច្រើននៃបុគ្គលទាំងនេះគឺសុទ្ធតែជាមនុស្សស្រឡាញ់ភេទដូចគ្នា ដូច្នេះពួកគេគួរតែឈប់ធ្វើពុតទៀត ហើយបោះបង់វិន័យសាសនាចោលទៅ ដើម្បីឲ្យអាចមានមិត្តប្រុសបាន។
លោក ឌូតឺតេ មិនបានបញ្ជាក់ហេតុផលច្បាស់ថា តើហេតុបានជាលោកធ្វើការតិះដៀលលើក្រុមអាចារ្យគ្រឹស្តសាសនានៅថ្ងៃព្រហស្បតិ៍នេះឡើយ ប៉ុន្តែលោកក៏ធ្លាប់បានធ្វើយ៉ាងដូច្នេះពីមុនមកផងដែរ ដោយកាលនោះ សមាគមព្រះវិហារគ្រឹស្តសាសនានៅហ្វីលីពីន បានរិះគន់លើយុទ្ធការបង្រ្កាបគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក។
គួរជម្រាបថា ព្រះវិហារគ្រឹស្តសាសនារ៉ូមាំងកាតូលិក កំពុងប្រឈមមុខនឹងរឿងអាស្រូវបៀតបៀនផ្លូវភេទ (ជាពិសេសលើក្មេងប្រុសៗ) នៅតាមតំបន់ខុសៗគ្នាជុំវិញពិភពលោក ក៏ប៉ុន្តែនៅហ្វីលីពីនហាក់ដូចមិនមានករណីធំដុំណាមួយបានផ្ទុះឡើងនោះឡើយ។ សម្រាប់ប្រជាជនជាង១០០លាននាក់នៃប្រទេសហ្វីលីពីន ក្នុងនោះ៨០ភាគរយ គឺជាអ្នកកាន់សាសនាគ្រឹស្តនិកាយរ៉ូមាំងកាតូលិក៕