(តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក William Lai នាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រូបលោករួមជាមួយគណៈរដ្ឋមន្រ្តីទាំងមូល នឹងចុះចេញពីតំណែងនៅថ្ងៃស្អែក ក្រោយគណបក្សឯករាជ្យនិយមរបស់លោក ដែលកំពុងកាន់អំណាចបានទទួលបរាជ័យក្នុងការបោះឆ្នោតថ្នាក់តំបន់កាលពី០២ខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
យ៉ាងណាក៏ដោយ ការចាកចេញរបស់លោក Lai ត្រូវបានមនុស្សភាគច្រើនរំពឹងទុកមុនរួចស្រេចទៅហើយ ពីព្រោះវាគឺជាស្តង់ដាទំនៀមទម្លាប់នៅតៃវ៉ាន់ នៅពេលគណបក្សនយោបាយរបស់ថ្នាក់ដឹកនាំចាញ់ឆ្នោតសំខាន់ៗណាមួយ ពួកគេតែងតែដើរចេញ។
ម៉្យាងវិញទៀតវាក៏ជារឿងទូទៅផងដែរ សម្រាប់ការដែលគណៈរដ្ឋមន្រ្តីទាំងមូល ត្រូវលាលែងពីតំណែងដូចគ្នាតាមនាយករដ្ឋមន្រ្តី។ បើតាម លោក Lai នៅថ្ងៃស្អែក លោកនឹងកោះប្រជុំពិសេសគណៈរដ្ឋមន្រ្តី ហើយធ្វើការលាលែងពីតំណែងទាំងអស់គ្នាតែម្តង។ លោក Lai បានឲ្យដឹងទៀតថា ការសម្រេចចិត្តរបស់លោកក៏ទទួលបានការអនុញ្ញាតពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen រួចរាល់ហើយដែរ។
គួរជម្រាបថា លោកស្រី Tsai ដែលបានលាលែងពីតំណែងប្រធានគណបក្សឯករាជ្យនិយម DPP ព្រោះតែការចាញ់ឆ្នោតផងដែរនោះ នឹងត្រូវប្រកាសពីបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ដែលមានតួនាទីបង្កើតគណៈរដ្ឋមន្រ្តី និងគ្រប់គ្រងរៀបចំរដ្ឋាភិបាល។ ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គណបក្ស DPP បានទទួលបរាជ័យយ៉ាងអាម៉ាស់ ក្នុងការប្រកួតជែងជាមួយគណបក្សប្រឆាំង Kuomintang ដែលមានទំនោរទៅរកចិន។
ការចាញ់ឆ្នោតនេះ គឺបញ្ហាប្រឈមធំមួយ សម្រាប់លោកស្រី Tsai ដែលបានទទួលរងការរិះគន់ជាខ្លាំងនៅក្នុងស្រុក ជុំវិញគោលដៅកំណែទម្រង់របស់លោកស្រី ព្រមទាំងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ទីក្រុងប៉េកាំង៕