(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានឱ្យដឹងថាទីក្រុងអង់ការ៉ាអាចនឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស អាមេរិក Patriot នៅក្នុងលក្ខខណ្ឌសមរម្យណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោក Cavusoglu ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរស្សន៍តួកគី NTV នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបញ្ជាក់ដែរថាតួកគីអាចនឹងបោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីលអាមេរិក Patriot គ្រប់ពេលវេលា បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបង្ខំឱ្យទីក្រុងអង់ការ៉ាបញ្ឈប់គម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រតិភូរដ្ឋាភិបាលអាមេរិកមួយក្រុមត្រូវបានគេរាយការណ៍ថា បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងអង់ការ៉ាឲ្យបោះបង់ចោលការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ហើយងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់ខ្លួនវិញ។ ដោយឡែក បើតាមទីភ្នាក់ងារ ព័ត៌មានតួកគី Anadolu ក្រសួងការបរទេសអាមេរិក បានអនុញ្ញាតហើយដល់គម្រោងលក់មកឲ្យតួកគីនូវ មីស៊ីល GEM-T ចំនួន៨០គ្រាប់ សម្រាប់ប្រព័ន្ធ Patriot MIM-104E និងមីស៊ីល MSE ចំនួន៦០គ្រាប់ សម្រាប់ប្រព័ន្ធ PAC-3 ក្នុងតម្លៃ៣.៥ពាន់លានដុល្លារ។ ប៉ុន្តែ សំណើរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានតួកគីបដិសេធចោល៕