(អាមេរិក)៖ ម៉ាស៊ីនថតនៃកែវយឺតអវកាស Hubble របស់អង្គការ NASA បានខូចគាំងជាថ្មីម្តងទៀត ហើយលើកនេះអាចនឹងអូសបន្លាយពេលយូរជាងមុនទៅទៀត ដោយសារតែបុគ្គលិករបស់ NASA មិនអាចធ្វើការជួសជុលវាបាន ពីព្រោះតែបញ្ហាបិទទ្វារដ្ឋាភិបាលអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា កាមេរ៉ាប្រភេទ Wide-field ដែលជាឧបករណ៍ចម្បងដ៏សំខាន់នៅលើកែវយឺត Hubble បានឈប់ដំណើរការកាលពីថ្ងៃទី០៨ ខែមករា ដោយសារតែបញ្ហាផ្នែក Hardware របស់វា ប៉ុន្តែក្រុមវិស្វករនឹងមិនអាចជួសជុលកែវយឺតអវកាសនេះបានឡើយ រហូតទាល់តែរដ្ឋាភិបាលសហព័ន្ធបើកទ្វារឡើងវិញ។ បញ្ហាបិទទ្វាររដ្ឋាភិបាលអាមេរិក បានបង្ខំឲ្យបុគ្គលិកអង្គការ NASA ប្រមាណ៩៥ភាគរយ ត្រូវផ្អាកការងារ។
ម៉ាស៊ីនថតដែលខូចគឺកាមេរ៉ា Wide Field Camera 3 របស់ Hubble ។ កែវយឺតអវកាសនេះ នៅមានកាមេរ៉ាមួយទៀត រួមជាមួយឧបករណ៍ Spectrograph ពីរគ្រឿង ដែលនៅដំណើរការនិងកំពុងប្រមូលទិន្នន័យជាធម្មតា។ កាលពីដើមខែតុលា ឆ្នាំ២០១៨ កែវយឺតអវកាស Hubble បានគាំងដំណើរទាំងស្រុងអស់រយៈពេល០៣សប្តាហ៍ ក្រោយពីឧបករណ៍ទប់លំនឹងនិងតម្រង់ទិសដៅ Gyroscope មួយគ្រឿងរបស់វាខូច។
គួរជម្រាបថា Hubble ត្រូវបាន NASA បាញ់បង្ហោះឡើងទីអវកាសកាលពីឆ្នាំ១៩៩០ ដែលគិតមកទល់ពេលនេះ គឺជិត៣០ឆ្នាំហើយ។ កែវយឺតអវកាសនេះ ត្រូវបានកែលម្អនិងអាប់ដេត០៥លើក ដោយក្រុមអវកាសយានិក ដែលលើកចុងក្រោយគឺនៅឆ្នាំ២០០៩ ហើយកាមេរ៉ា Wide Field Camera 3 ត្រូវបានដំឡើងនៅលើវា កាលពីអំឡុងពេលនោះ៕