(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា កិច្ចចរចាពាណិជ្ជកម្មក្នុងទីក្រុងប៉េកាំងជាមួយក្រុមមន្ត្រីពាណិជ្ជកម្ម អាមេរិកបានបង្កើតជាមូលដ្ឋានគ្រឹះមួយក្នុងការបន្តស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាដែលភាគីទាំងពីរកំពុងព្រួយបារម្ភ ដោយសារសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចចរចាពាណិជ្ជកម្មក្នុងទីក្រុងប៉េកាំងជាមួយ ក្រុមមន្ត្រីពាណិជ្ជកម្មអាមេរិកបានបង្កើតជាមូលដ្ឋានគ្រឹះមួយ ក្នុងការបន្តស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាដែលភាគីទាំងពីរកំពុងព្រួយបារម្ភ... មិនតែប៉ុណ្ណោះ ភាគីទាំងពីរថែមទាំងបានព្រមព្រៀងគ្នាថា នឹងបន្តរក្សាការទាក់ទងគ្នាឱ្យកាន់តែជិតស្និទ្ធទៀតផង»។
ប៉ុន្តែទន្ទឹមគ្នានោះក្រុមមន្ត្រីអាមេរិកក៏ចង់ឱ្យទីក្រុងប៉េកាំងទិញផលិតអាមេរិកបន្ថែម ដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្ម ក៏ដូចជាបង្កើនការបើកចំហរឱ្យ អ្នកវិយោគបរទេសចូលក្នុងផ្សារចិនផងដែរ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកបានបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ពីថ្ងៃទីចន្ទ ដល់ថ្ងៃពុធ ដើម្បីចូលរួមក្នុងកិច្ចចរចា ពាណិជ្ជកម្មជាមួយភាគីចិន ជាលើកដំបូងបំផុតចាប់តាំងពីលោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាកាលពីខែធ្នូ កន្លងទៅ លើការផ្អាកការធ្វើសង្រ្គាមពាណិជ្ជកម្មរយៈពេល ០៣ខែ៕