(អាមេរិក)៖ នៅសប្តាហ៍មុនតារាបាល់បោះអាមេរិក NBA ដ៏ល្បីឈ្មោះម្នាក់ គឺលោក កាន់ធើ (Kanter) ដែលមានដើមកំណើតមកពីប្រទេសតួកគី បាននិយាយថា លោកបានសម្រេចចិត្តអវត្តមានមួយប្រកួត ដោយសារតែការភ័យព្រួយបារម្ភចំពោះអាយុជីវិតរបស់លោក។ លោក Kanter ដែលអ្នករិះគន់មិនសំចៃមាត់ម្នាក់ ប្រឆាំងនឹងប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានបង្ហាញក្តីបារម្ភថា ចារកម្មតួកគីអាចធ្វើឃាតលោកនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០១៩។
សកម្មភាពរបស់លោក Kanter បានធ្វើឲ្យរូបលោកក្លាយជាតួអង្គដ៏សំខាន់មួយ សម្រាប់ក្រុមដែលប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការតួកគី ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកផងដែរ។ «សមាគមកីឡាបាល់បោះអាមេរិក N.B.A. ផ្តល់នូវផ្លូវមួយដ៏ធំមួយ ដើម្បីបំភ្លឺលើការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសតួកគី និងផ្តល់សំឡេងដល់មនុស្សរាប់ពាន់នាក់ដែលបានទទួលរងការធ្វើទុក្ខបុកម្នេញ»។ នេះបើតាមការឱ្យដឹង នៅក្នុងបទសម្ភាសន៍មួយជាមួយលោក Kanter ។
មន្រ្តីតួកគីបានច្រានចោលការអត្ថាធិប្បាយរបស់លោក Kanter ដោយថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ប៉ុន្តែកីឡាករបាល់បោះរូបនេះបាននិយាយថា «អារម្មណ៍ភ័យខ្លាចនេះ គឺជាការពិតជាក់ស្តែង និងផ្ទាល់ខ្លួន»។ លោក Kanter បានឲ្យដឹងថា មានការគំរាមកំហែងលើអាយុជីវិតលោក កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីការបញ្ចេញមតិយោបល់ចុងក្រោយរបស់លោក។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Kanter បានទទួលសារគំរាមសម្លាប់ជាច្រើនតាមប្រព័ន្ធទំនាក់ទំនងសង្គម ប៉ុន្តែលោកពុំជឿទេថា ក្រុមភ្នាក់ងារចារកម្មរបស់តួកគី នឹងហ៊ានបង្ករឿងធំណាមួយនៅក្រុងញូវយ៉ក។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា លោកមិនដែលហ៊ានចេញក្រៅតែម្នាក់ឯងនៅក្នុងទីក្រុងឡើយ៕