ទស្សនាវដ្តី Page Six៖ កំពូលមហាសេដ្ឋីលេខ១លើលោក Jeff Bezos កំពុងមានស្នេហាថ្មី ក្រោយលែងលះភរិយាដែលធ្លាប់រួមរស់២៥ឆ្នាំ និងបានកូន០៤នាក់
10-01-2019 14:22
(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីលេខមួយនៅលើពិភពលោក ម្ចាស់ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលទើបតែប្រកាសលែងលះប្រពន្ធគឺអ្នកស្រី ម៉ាកខេនហ្ស៊ី (MacKenzie) ក្រោយរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍អស់រយៈពេល ២៥ឆ្នាំ ទំនងជាមានទំនាក់ទំនងលួចលាក់ជាមួយលោកស្រី ឡូរិន សាន់ឆែស (Lauren Sanchez) ជាអតីតពិធីការិនីទូរទស្សន៍ និងភរិយាទីភ្នាក់ងារគ្រប់គ្រងបុគ្គលិក Hollywood លោក ផាទ្រីក វ៉ៃស៊ែល (Patrick Whitesell)។ នេះបើតាមគេហទំព័រ Page Six ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
ទស្សនាវដ្ដី Page Six ផ្អែកលើប្រភពដែលខ្លួនទទួលបានបញ្ជាក់ថា លោក Bezos មានអាយុ ៥៤ឆ្នាំ និងលោកស្រី Sanchez បានស្គាល់គ្នាទៅវិញទៅមក តាមរយៈអតីតប្ដីរបស់លោកស្រីគឺលោក Whitesell ដែលជាមនុស្សម្នាក់ដ៏មានឥទ្ធិពលនៅ Hollywood និងជាភ្នាក់ ងារគ្រប់គ្រងរបស់កំពូលតារាសម្ដែងជាច្រើនរូបដូចជា ម៉ាត់ ដាម៉ុន (Matt Damon) និង គ្រីស្ទាន បាឡេ (Christian Bale) ជាដើម។
Page Six បន្ថែមទៀតថា លោក Patrick លោកស្រី Lauren និងលោក Jeff បានស្គាល់គ្នា ក្រោយចូលរួមក្នុងកម្មវិធីកាលពីឆ្នាំ២០១៦ សម្រាប់ខ្សែភាពយន្ដ Manchester By The Sea។ ប៉ុន្តែលោកស្រី Lauren កាន់តែមានភាពជិតស្និទ្ធជាមួយលោក Jeff Bezos ក្រោយចែកផ្លូវគ្នាជាមួយប្ដី។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ លោក Jeff Bezos បានប្រកាសថា លោក និងភរិយាគឺលោកស្រី MacKenzie បានសម្រេចចិត្តបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាង ២៥ឆ្នាំ ហើយបន្តរាប់អានគ្នាជាមិត្ត។ អ្នកទាំងពីរមានកូនចំនួន ០៤នាក់ ក្នុងនោះមានកូនប្រុស ០៣នាក់ និងកូនស្រីម្នាក់ រីឯមូលហេតុនៃការលែងលះនេះ មិនទាន់ត្រូវគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ៕