(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់បានទទួលស្គាល់ថា ពិតជាបានចាប់ឃុំខ្លួនពលរដ្ឋអាមេរិកម្នាក់ជាលើកដំបូងបំផុត ក្នុងអាណត្តិប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ខណៈបច្ចុប្បន្នជនជាតិអាមេរិក ០៣នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅអ៊ីរ៉ង់ស្រាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ អតីតសមាជិកកងនាវាអាមេរិក លោក ម៉ៃឃើល វ៉ាយត៍ (Michael R White) មានអាយុ ៤៦ឆ្នាំ ត្រូវបានឃាត់ខ្លួន និងបញ្ជូន ទៅកាន់ពន្ធនាគារក្នុងទីក្រុង ម៉ាហ្សេដ (Mashhad) នៃភាគឦសានប្រទេសអ៊ីរ៉ង់នាពេលថ្មីនេះ ប៉ុន្តែអាជ្ញាធរអ៊ីរ៉ង់មិនបានបញ្ជាក់ពីមូលហេតុ នៃការចាប់ខ្លួនពលរដ្ឋអាមេរិករូបនេះទេ រីឯមន្ត្រីអាមេរិកវិញបានទទួលដំណឹងពីការចាប់ខ្លួននេះហើយ។
ដោយឡែកម្ដាយរបស់លោក White គឺអ្នកស្រី ចូអាន វ៉ាយត៍ (Joanne White) ក៏បានអះអាងដែរថា កូនរបស់លោកស្រីបានបាត់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់ តាំងតែពីខែកក្កដា ឆ្នាំ២០១៨ មកម្ល៉េះ អំឡុងពេលទៅសួរសុខទុក្ខមិត្តស្រី ហើយបើតាមការគ្រោងទុក លោកត្រូវត្រឡប់មកកាន់សហរដ្ឋអាមេរិកតាមទីក្រុងឌូបៃ តាំងតែពីថ្ងៃទី២៧ ខែកក្កដាឯណោះ។
លោកស្រីបន្ថែមទៀតថា ខ្លួនមិនបានដឹងឡើយពីបទចោទប្រកាន់ប្រឆាំងនឹងលោក White ប៉ុន្តែលោកស្រីបានបញ្ជាក់ថា លោក White ធ្លាប់បានធ្វើដំណើរទៅកាន់ ប្រទេសអ៊ីរ៉ង់ពី ៥ ឬ ៦ដងរួចមកហើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនបានរក្សាទំនាក់ទំនងការទូតជាមួយនឹងគ្នាឡើយ ដូច្នេះរាល់ការទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវធ្វើឡើងតាមរយៈប្រទេសស្វីស៕