(ប៉េកាំង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅអំឡុងបំពេញដំណើរទស្សនកិច្ច ក្នុងប្រទេសចិនថា ទីក្រុងព្យុងយ៉ាងនឹង ព្យាយាមប្រឹងប្រែងធ្វើឱ្យកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លេចចេញជាលទ្ធផលផ្លែផ្កា ដែលសហគមន៍អន្តរជាតិទាំងមូលទទួលស្គាល់។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
យោងតាមស៊ីនហួរ លោក គីម ក៏បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់អាចនឹង យល់ពីក្ដីព្រួយបារម្ភប្រកបដោយហេតុផល របស់កូរ៉េខាងជើង ហើយផ្ដល់ចម្លើយតបមកវិញ ដូចដែលទីក្រុងព្យុងយ៉ាងបាន និងកំពុងធ្វើនាពេលបច្ចប្បន្ន ដើម្បីលើកកម្ពស់ក៏ដូចជា ស្វែងរកដំណោះស្រាយសម្រាប់តំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានបញ្ចប់ដំណើរទស្សនកិច្ចជាលើកទី៤ របស់លោកក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ហើយដំណើរទស្សនកិច្ចនេះទៀតសោត កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកនឹងត្រូវជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលជាលើកទី២នាពេលឆាប់ៗនេះ សំដៅដោះស្រាយភាពជាប់គាំងជុំវិញការលុបបំបាត់ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលមេដឹកនាំទាំងពីរធ្លាប់បានសន្យានៅឯកិច្ចប្រជុំ ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅ៕