(អាមេរិក)៖ លោក Jeff Bezos និងភរិយារបស់លោក អ្នកស្រី MacKenzie បានលែងលះគ្នាហើយ ក្រោយពីបានរៀបការជាមួយគ្នា បានរយៈពេល២៥ឆ្នាំ, នេះបើតាមការប្រកាសពីលោក Jeff Bezos នាយកប្រតិបត្តិការក្រុមហ៊ុន Amazon និងជាម្ចាស់សារព័ត៌មាន Washington Post ផងដែរ។
យោងតាមសារព័ត៌មាន Fox News Network ចេញផ្សាយនាយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា លោក Jeff Bezos ដែលមានជាងគេបំផុត នៅលើពិភពលោកនេះ បច្ចុប្បន្ន កំពុងមានទ្រព្យសម្បត្តិ គិតជាទឹកប្រាក់១៣៧ពាន់លានដុល្លារអាមេរិក ហើយលោកបានធ្វើការប្រកាស ពីការលែងលះរបស់លោក នៅថ្ងៃពុធនេះ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter។
ជីវិតរៀបការរយៈពេល២៥ឆ្នាំកន្លងទៅនេះ ពួកគេមានកូនចំនួន៤នាក់ ក្នុងនោះមានកូនប្រុស៣នាក់ និងកូនស្រីម្នាក់។
យ៉ាងណាក៏ដោយ មិនទាន់មានការប្រាប់ឲ្យដឹងនោះទេថា ការលែងលះគ្នារបស់គូរស្នេហ៍មហាសេដ្ឋីលំដាប់ពិភពលោកនេះ កើតឡើងដោយសារមូលហេតុអ្វី៕