(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្នុងរយៈពេល​០៣ខែដំបូងនៃបេសកកម្ម​កែវយឺតអវកាស TESS របស់អង្គការ NASA ភពអេលៀន​ចំនួន​បី និង​​បាតុភូតបន្ទុះ​ស៊ូភើណូវ៉ា​ចំនួន ០៦ នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យយើង ត្រូវបាន​រកឃើញ និងជាលទ្ធផលដ៏គួរឲ្យរីករាយ​ផងដែរ សម្រាប់វិស័យអវកាស​ជាសកល៕

២៖ បុរសពីរនាក់ និងស្រ្តីម្នាក់ត្រូវបាន​ចាប់ខ្លួន​ពីបទប្រមាថ​ព្រះចេស្តារអតីត​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះចៅ​ ស៊ុលតង់ មូហាំម៉េដ ទី ៥ (Sultan Muhammad V) ដោយសារការ​សម្រេចព្រះទ័យដាក់រាជ្យ​របស់ទ្រង់ នាពេលថ្មីៗ​នេះ៕

៣៖ ​ប្រទេសថៃនា​ថ្ងៃពុធនេះបានសម្តែង​ការស្វាគមន៍​ ចំពោះការ​សម្រេច​ចិត្ត​ពីសំណាក់​​គណៈកម្មការអឺរ៉ុប ក្នុងការ​ដកប្រទេស​អាស៊ានមួយនេះ ចេញពីបញ្ជី​ឈ្មោះនៃប្រទេស​ ដែលរងការព្រមាន​​ជុំវិញសកម្មភាពនេសាទ​ខុសច្បាប់ និង​មិន​មានការ​គ្រប់គ្រង​ត្រឹមត្រូវ៕

៤៖ ​រថភ្លើងពិសេស​​របស់ប្រមុខដឹកនាំកំពូល​​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរចាកចេញ​​ពី​រដ្ឋធានី​ប៉េកាំង​​​ នៃប្រទេសចិន​​ ដើម្បីត្រឡប់ទៅ​កាន់ទីក្រុងព្យុងយ៉ាងវិញ​ហើយ៕

៥៖ ក្រុមហ៊ុន Apple កំពុងកាត់បន្ថយ​ការផលិត​ទូរស័ព្ទដៃ iPhone ស៊េរីថ្មីរបស់ខ្លួន​ទាំងបីម៉ូឌែល​ចំនួន ១០ភាគរយសម្រាប់ត្រីមាសទីមួយ​ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីការលក់​មាន​ការធ្លាក់ចុះ​យ៉ាងគំហុក នៃការលក់ iPhone ស៊េរីថ្មីៗទាំងនេះកាលពី​ឆ្នាំ២០១៨៕

៦៖ យោធាអាមេរិក​បានបាញ់សាកល្បងគ្រាប់​កាំភ្លើងពិសេស Hyper Velocity ជាង ២០គ្រាប់​ចេញពីនាវា​ពិឃាត USS Dewey ជាផ្នែកមួយ​នៃការសិក្សាស្រាវជា្រវ​ ដឹកនាំដោយកងនាវា​អាមេរិក និងការិយាល័យ​សមត្ថភាពយុទ្ធសាស្ត្រ​នៃក្រសួងការពារជាតិ (SCO)៕