(គូឡាឡាំពួ)៖ បុរសពីរនាក់ និងស្រ្តីម្នាក់ត្រូវបាន​ចាប់ខ្លួន​ពីបទប្រមាថ​ព្រះចេស្តារអតីត​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះចៅ​ ស៊ុលតង់ មូហាំម៉េដ ទី ៥ (Sultan Muhammad V) ដោយសារការ​សម្រេចព្រះទ័យដាក់រាជ្យ​របស់ទ្រង់ នាពេលថ្មីៗ​នេះ។ នេះបើតាម​ការឲ្យដឹងពី​​មេ​បញ្ជាការប៉ូលិស​​​​​​​​ម៉ាឡេស៊ី លោក ហ្វុសស៊ី ហារុន (Fuzi Harun) ដកស្រង់សម្តីដោយ​សារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃ​ពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

លោក Fuzi Haruz បានឲ្យដឹងថា ជនទាំង​បីត្រូវបានចាប់ខ្លួននៅ​ថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពីប៉ូលិសម៉ាឡេស៊ី​​ទទួល​បានការ​រាយការណ៍ថា មានអ្នកប្រើប្រាស់​បណ្តាញទំនាក់ទំនង​សង្គម​មួយចំនួន បានប្រើពាក្យសម្តី​ប្រមាថម៉ាក់ងាក​លើ​​​ព្រះ​ចេស្តារ​​ព្រះចៅ Muhammad V ទាក់ទិនជាមួយ​នឹងការដាក់រាជ្យ​របស់ទ្រង់។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ​សប្តាហ៍មុន ព្រះចៅ Sultan Muhammad V បានដាក់រាជ្យ​សម្បត្តិមុនអាណត្តិ ក្រោយពីឡើងគ្រង​រាជ​​បល្ល័ង្កបានពីរឆ្នាំ។ ការដាក់រាជ្យនេះទៀតសោត បានកើត​មានឡើង​បន្ទាប់ពីមានការចុះផ្សាយព្រោងព្រាត​លើបណ្តាញ​សារព័ត៌មាន​កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ថា មហាក្សត្រដែលមាន​ព្រះជន្ម ៤៩ព្រះវស្សាអង្គនេះ ទើបបាន​រៀបអភិសេក​ជាមួយ​អតីត​​បវរ​កញ្ញា​​រុស្ស៊ីឈ្មោះ អូកសាណា វឿវ៉ូឌីណា (Oksana Voevodina) ដែលមានវ័យ ២៥ឆ្នាំ៕