(អាមេរិក)៖ ក្នុងរយៈពេល០៣ខែដំបូងនៃបេសកកម្មកែវយឺតអវកាស TESS របស់អង្គការ NASA ភពអេលៀនចំនួនបី និងបាតុភូតបន្ទុះស៊ូភើណូវ៉ាចំនួន ០៦ នៅក្រៅប្រព័ន្ធព្រះអាទិត្យយើង ត្រូវបានរកឃើញ និងជាលទ្ធផលដ៏គួរឲ្យរីករាយផងដែរ សម្រាប់វិស័យអវកាសជាសកល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
របកគំហើញទាំងនេះ ត្រូវបានប្រកាសឲ្យដឹងជាសាធារណៈ ដោយក្រុមអ្នកវិទ្យាសាស្រ្ត នៅសន្និសីទនៃសហគមន៍តារាវិទូអាមេរិក ដែលប្រព្រឹត្តទៅក្នុងទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន។ ចាប់តាំងពីពេលចាប់ផ្តើមប្រតិបត្តិការនៅខែកក្កដា ឆ្នាំមុន កែវយឺតអវកាស TESS បានរកឃើញភពអេលៀនប្រភេទ «Super-Earth» ឈ្មោះថា Pi Mensae b ដែលធ្វើដំណើរជុំវិញផ្កាយរបស់វាជារៀងរាល់ ០៦ថ្ងៃម្តង និងភពឈ្មោះ LHS 3844b ជាប្រភេទភពថ្ម ដែលមានរយៈពេលគោចរត្រឹម ១១ម៉ោង ជុំវិញផ្កាយវាប៉ុណ្ណោះ។
របកគំហើញចុងក្រោយរបស់ TESS គឺជាភពអេលៀនឈ្មោះថា HD 21749b ដែលប្រើពេលយូរជាងគេក្នុងចំណោមភពទាំង ០៣ គឺ ៣៦ថ្ងៃដើម្បីគោចរជុំវិញផ្កាយរបស់វា ដែលស្ថិតនៅចម្ងាយ ៥៣ឆ្នាំពន្លឺ ក្នុងកញ្ចុំផ្កាយ Reticulum ហើយភពនេះប្រហែលជាមានសីតុណ្ហភាព ១,៦៥០អង្សាសេ បើតាមអ្នកវិទ្យាសាស្រ្តគឺមិនសូវជាក្តៅប៉ុន្មានឡើយ បើគិតអំពីគម្លាតទៅផ្កាយរបស់វា ប៉ុន្តែបើធៀបនឹងភពសុក្រយើង នោះវាជានរក ១៨ជាន់។
គួរជម្រាបថា ភព HD 21749b មានទំហំធំជាងផែនដីយើងដល់ទៅ ០៣ដង ដូច្នេះវាទំនងជាប្រភេទភពឧស្ម័នជាជាងភពថ្ម ហើយមានកំហាប់បរិយាកាសក្រាស់ជាងភពណិបទូន ឬក៏អុយរ៉ាណុសទៅទៀត។ ក្រៅពីនេះ TESS បានប្រទះឃើញព្រឹត្តិការណ៍បន្ទុះស៊ូភើណូវ៉ាខ្លីៗចំនួន ០៦ ដែលកើតឡើងក្នុងកាឡាក់ស៊ីឆ្ងាយៗថែមទៀត។ មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្រ្តក៏បានប្រទះឃើញភស្តុតាងនៃភពមួយផ្សេងទៀតផងដែរ ដែលតូចជាងភពទាំង ០៣ខាងលើ ហើយអាចជាភពប៉ុនផែនដី ដែលត្រូវបានរកឃើញជាលើកទីមួយ ដោយកែវយឺតអវកាស TESS៕