(បាងកក)៖ ប្រទេសថៃនាថ្ងៃពុធនេះបានសម្តែងការស្វាគមន៍ ចំពោះការសម្រេចចិត្តពីសំណាក់គណៈកម្មការអឺរ៉ុប ក្នុងការដកប្រទេសអាស៊ានមួយនេះ ចេញពីបញ្ជីឈ្មោះនៃប្រទេស ដែលរងការព្រមានជុំវិញសកម្មភាពនេសាទខុសច្បាប់ និងមិនមានការគ្រប់គ្រងត្រឹមត្រូវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៥ ថៃដែលជាប្រទេសនាំចេញគ្រឿងសមុទ្រលំដាប់ថ្នាក់លេខបី នៅលើពិភពលោក បានទទួលការពិន័យកាតលឿងពីសហភាពអឺរ៉ុប ដោយសារតែការធ្វើនេសាទគ្មាននិរន្តរភាព ហើយវាគឺជាការព្រមានមួយដែលអាចនឹងក្លាយជាបម្រាមហាមឃាត់លែងឲ្យនាំចេញគ្រឿងសមុទ្រ ទៅកាន់ទីផ្សារអឺរ៉ុបតែម្តង។ បន្ទាប់មករដ្ឋាភិបាលយោធាថៃ ក៏បានចេញប្រតិបត្តិការក្តៅបង្រ្កាបការនេសាទដែលខុសច្បាប់ និងដាក់ចេញនូវកំណែទម្រង់នៃឧស្សាហកម្មនេះទាំងមូល។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា បច្ចុប្បន្នសហភាពអឺរ៉ុបមើលឃើញប្រទេសថៃ ដែលជាគូថ្មីមួយ ដែលប្រកបដោយការប្តេជ្ញារឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពនេសាទខុសច្បាប់ ដែលធ្វើឲ្យហិនហោចធនធានមច្ឆានៅជុំវិញភពលោក និងបង្កការប៉ះពាល់ដល់ជនទាំងឡាយរស់នៅប្រចាំថ្ងៃ ដោយអាស្រ័យលើធនធានក្នុងសមុទ្រ៕