(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើបុគ្គល និងអង្គភាពវេណេស៊ុយអេឡាជាច្រើនថែមទៀត សម្រាប់ការប្រព្រឹត្តិអំពើពុករលួយ។ ប៉ុន្តែ ការប្រកាសដាក់ទណ្ឌកម្មនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ ឡើងស្បថកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
ក្រសួងរតនាគារជាតិអាមេរិក បានចោទប្រកាន់បុគ្គល ០៧នាក់ និងអង្គភាពវេណេស៊ុយអេឡាចំនួន ២៣ ជុំវិញការប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ដោយកេងចំណេញប្រាក់ ២.៤ពាន់លានដុល្លារ ពីការអនុវត្តគោលនយោបាយដោះដូរហិរញ្ញវត្ថុរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា។ ដូច្នេះហើយក្រសួងមួយនេះបានសម្រេចចិត្តដាក់ទណ្ឌកម្មលើអ្នកទាំងនេះ តាមរយៈការបង្កករាល់ទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់ ឱ្យនៅក្រោម យុត្ថាធិការអាជ្ញាធរអាមេរិក។ មិនតែប៉ុណ្ណោះ ប្រជាជនអាមេរិកក៏ត្រូវបានហាមឃាត់ ក្នុងការចុះកិច្ចព្រមព្រៀងទាំងឡាយជាមួយអ្នកជាប់ ទណ្ឌកម្មទាំងនេះផងដែរ។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើរបស់សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវស្បថឡើងកាន់តំណែងជាប្រធានាធិបតីវេណេស៊ុយអេឡាជាផ្លូវការនៅថ្ងៃទី១០ ខែមករាខាងមុខនេះ សម្រាប់អាណត្តិទី ២ រយៈពេល ០៦ឆ្នាំ ខណៈដែលអាមេរិកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកន្លងមកមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅវេណេស៊ុយអេឡានោះឡើយ៕