វេណេស៊ុយអេឡាកំពុងដាក់សម្ពាធ រហូតដល់កូឡុំប៊ីព្រមប្រគល់ក្រុមរៀបគំរោងធ្វើឃាតលោកប្រធានាធិបតី ម៉ាឌូរ៉ូ មកឲ្យវេណេស៊ុយអេឡាកាត់ទោស! (Video inside)
09-01-2019 14:32
(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានបង្កើនសម្ពាធទាមទារឲ្យរដ្ឋាភិបាលកូឡុំប៊ី ធ្វើបត្យាប័នក្រុមជនសង្ស័យ ដែលអាចជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើឃាតមកលើ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
បើតាមការបញ្ជាក់ពីក្រសួងការបរទេសវេណេស៊ុយអេឡា រដ្ឋាភិបាលទីក្រុងការ៉ាកាស់ នៅមិនទាន់ទទួលបានឆ្លើយតបតាមផ្នែកការទូត ពីប្រទេសកូឡុំប៊ីវិញនៅឡើយទេ។ នៅអំឡុងពិធីព្យុហយាត្រាយោធាមួយ ធ្វើឡើងកាលពីខែសីហា ឆ្នាំ២០១៨ ឧបករណ៍ដ្រូន ០២គ្រឿងមានផ្ទុកគ្រឿងផ្ទុះ បានហោះទៅជិតលោក ម៉ាឌូរ៉ូ ដែលកំពុងឈរថ្លែងសុន្ទរកថា ហើយបានបំផ្ទុះខ្លួនពួកវា ប៉ុន្តែលោកមិនបានរងគ្រោះឡើយ ខណៈមន្រ្តីមួយចំនួនបានរងរបួស។
ភ្លាមៗក្រោយពេលកើតហេតុ លោក ម៉ាឌូរ៉ូ បានអះអាងថា តាមរយៈការស៊ើបអង្កេត សកម្មភាពប៉ងធ្វើឃាតលើរូបលោក មានជាប់ពាក់ព័ន្ធនឹងកូឡុំប៊ីរួមជាមួយសហរដ្ឋអាមេរិក ជាប្រទេសដែលជនជាតិវេណេស៊ុយអេឡាជាច្រើនរូប កំពុងស្នាក់នៅដោយនិរទេសខ្លួន ប៉ុន្តែប្រទេសទាំងពីរបានបដិសេធថា មិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះឡើយ៕