(ហាណូយ)៖ អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងហាណូយ លោក គីម ដូយុន (Kim Do-hyon) បានសម្ដែងការគាំទ្រចំពោះបេក្ខភាពរបស់វៀតណាម ក្នុងការទទួលរៀបចំជំនួបកំពូលជាលើកទី២ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមសារព័ត៌មាន VN Express នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
លោក Kim Do-hyon បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «វៀតណាមមានទំនាក់ទំនងល្អ ជាមួយកូរ៉េទាំងពីររួមទាំងសហរដ្ឋអាមេរិក ហើយ ក៏មានបទពិសោធន៍រៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិដោយជោគជ័យជាច្រើន ក្នុងនោះមានដូចជាកិច្ចប្រជុំ APEC... ដូច្នេះខ្ញុំជឿជាក់ថា កិច្ចប្រជុំកំពូលជាលើកទី ២ រវាងលោក ត្រាំ និងលោក គីម នឹងត្រូវធ្វើឡើងនៅវៀតណាម»។
គួរបញ្ជាក់ថា ជំនួបរវាងលោក ត្រាំ និងលោក គីម បានប្រព្រឹត្តទៅជាលើកទី ១ ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ ហើយព័ត៌មានបានបន្តថា វៀតណាមនឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំជំនួបកំពូលនេះជាលើកទី ២ ត្រូវបានរាយការណ៍ដោយសារព័ត៌មានកូរ៉េខាងត្បូង មុនវ៉ាអ៊ីលបូ (Munhwa Ilbo) បន្ទាប់ពីក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងជើងបានជួបប្រជុំគ្នាក្នុងទីក្រុងហាណូយ នាពេលថ្មីៗនេះ។
លើសពីនេះទៅទៀត ការសន្និដា្ននក៏លើកឡើងកាន់តែច្បាស់ថា ទីក្រុងហាណូយ នឹងក្លាយជាម្ចាស់ផ្ទះដោយសារតែរដ្ឋមន្ត្រីការបទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ និងប្រធានគោលនយោបាយកូរ៉េ នៃក្រសួងការបរទេសអាមេរិក លោក ម៉ាក ឡាំប៊ឺត (Mark Lambert) ក៏បានជួបពិភាក្សាគ្នាក្នុងទីក្រុងហាណូយផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។
ប៉ុន្តែបើតាមសារព័ត៌មាន CNN ក្រៅពីទីក្រុងហាណូយ ទីក្រុងបាងកក និងកោះហាវៃ ក៏កំពុងស្ថិតនៅក្រោមការពិចារណាដែរ ខណៈលោក ដូណាល់ ត្រាំ ធ្លាប់ប្រកាសថា លោកចង់ជួបជាមួយលោក គីម ជុងអ៊ុន នៅដើមចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ៕