(តូក្យូ)៖ ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិតទូរស័ព្ទដៃ iPhone ស៊េរីថ្មីរបស់ខ្លួនទាំងបីម៉ូឌែលចំនួន ១០ភាគរយ សម្រាប់ត្រីមាសទីមួយពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីការលក់មានការធ្លាក់ចុះយ៉ាងគំហុក នៃការលក់ iPhone ស៊េរីថ្មីៗទាំងនេះកាលពីឆ្នាំ២០១៨។ នេះបើតាមប្រភពពី Nikkei ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានជប៉ុន Nikkei ដដែល ការកាត់បន្ថយការផលិតនេះធ្វើឡើង មានជាប់ពាក់ព័ន្ធនឹងការបញ្ជាទិញធ្លាក់ចុះនៅក្នុងប្រទេសចិន ដោយសារតែសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនាពេលបច្ចុប្បន្ន។ ប៉ុន្តែអ្នកជំនាញខ្លះ ការធ្លាក់ចុះបណ្ដាលមកពីទូរស័ព្ទដៃ iPhone មានតម្លៃខ្ពស់ពេក។
Nikkei ផ្អែកលើប្រភពដែលខ្លួនទទួលបានបានឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានស្នើឱ្យអ្នកផ្គត់ផ្គង់កាលពីខែធ្នូ កន្លងទៅឱ្យកាត់បន្ថយការផលិតទូរស័ព្ទដៃ iPhone XS, XS Max និង XR ដោយកាត់បន្ថយមកនៅត្រឹមពី ៤០-៤៣លានគ្រឿង សម្រាប់ត្រីមាសពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ ខណៈគម្រោងផលិតកាលពីពេលមុនគឺមានចន្លោះពី ៤៧-៤៨លានគ្រឿង។
គួរបញ្ជាក់ថា ទោះបីជាសម្លឹងឃើញការធ្លាក់ចុះ ដែលពិភពបច្ចេកវិទ្យាកំពុងចាប់អារម្មណ៍ខ្លាំងនេះក្តី ក៏ក្រុមហ៊ុន Apple មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍របស់ Nikkei នៅឡើយទេ។ ប្រទេសចិនតាំងពីដើមរៀងមក គឺជាទីផ្សារធំបំផុតរបស់ Apple ប៉ុន្តែដោយសារសង្គ្រាមពាណិជ្ជកម្ម ជាពិសេសគឺការធ្វើទុក្ខបុកម្នេញដល់ក្រុមហ៊ុនយក្សចិន Huawei ពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ នោះ បានធ្វើចិនវាយបកវិញតាមរយៈការផ្អាកចរាចរណ៍លក់ iPhone ជាច្រើនស៊េរីក្នុងទឹកដីចិន និងបំផុសប្រជាជនចិនឲ្យគាំទ្រខ្លាំងឡើងវិញលើផលិតផលជាតិរបស់ខ្លួនវិញជាដើម៕