(កូឡាឡាំពួរ)៖ ព្រះអង្គម្ចាស់ មហាម៉ាដទី ៥ (Muhammad V) បានដាក់រាជ្យសម្បត្តិដោយនឹកស្មានមិនដល់ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ដែលធ្វើឱ្យទ្រង់ក្លាយជាព្រះមហាក្សត្រដំបូងបំផុតរបស់ម៉ាឡេស៊ី ដែលបានដាក់រាជ្យបែបនេះ បានធ្វើឡើងខណៈដែលទ្រង់ទើបតែសោយរាជ្យសម្បត្តិបាន ២ឆ្នាំ និងមិនទាន់គ្រប់ ៥ឆ្នាំនៅឡើយ។ ខាងក្រោមនេះជាជីវប្រវត្តិ និងព័ត៌មានសំខាន់ដែលត្រូវបានគេដាក់ការសង្ស័យថា ជាមូលហេតុដែលនាំឈានទៅរកការដាក់រាជ្យសម្បត្តិរបស់ទ្រង់៖
* ជីវប្រវត្តិសង្ខេបរបស់ទ្រង់
នាមត្រកូល៖ Tengku Muhammad Faris Petra
នាមពេលសោយរាជ្យសម្បត្តិ៖ Muhammad V
សោយរាជ្យសម្បត្តិ៖ ថ្ងៃទី១៣ ធ្នូ ២០១៦ដល់ ៦ មករា ២០១៩
ថ្ងៃខែឆ្នាំប្រសូត៖ ៦តុលា ១៩៦៩ (វ័យ៤៩វស្សា)
មហេសី៖ Rihana Oxana Gorbatenko (រៀបអភិសេកឆ្នាំ២០១៨)
បិតា៖ Sultan Ismail Petra Ibni Almarhum Sultan Yahya Petra
មាតា៖ Tengku Anis Binti Tengku Abdul Hamid
សាសនា៖ សាសនាអ៊ីស្លាម និកាយ ស៊ូនី
ស្តេច ស៊ុលតង់មូហាម៉ាដទីប្រាំ (Sultan Muhammad V) ជា Sultan of Kelantan និងកាន់ដំណែងជាប្រមុខរដ្ឋទី១៥ (Yang di-Pertuan Agong) នៃប្រទេសម៉ាឡេស៊ី ដែលសោយរាជ្យពីខែធ្នូ ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៩ ។ ទ្រង់ត្រូវបានគេប្រកាសថាជា Sultan of Kelantan នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ បន្តពីបីតាព្រះនាម Sultan Ismail Petra ដែលមិនអាចបន្តកាន់ដំណែងបានដោយសារជំងឺ។ ទ្រង់បានក្លាយជា Yang di-Pertuan Agong ទីមួយនៃប្រទេសម៉ាឡេស៊ី ដែលបាននៅដាក់រាជ្យសម្បត្តិដំបូងគេមិនធ្លាប់មាន ហើយការដាក់រាជ្យនេះ ត្រូវបានចូលជាធរមាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។
* ជីវិតកាលពីកុមារភាពរបស់ទ្រង់
អង្គម្ចាស់ Muhammad V ប្រសូតនៅក្នុងរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី។ ព្រះអង្គបានក្លាយរាជវង្ស Kelantan នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៩ និងត្រូវបានតែងតាំងជាផ្លូវការនៅ រដ្ឋKelantan នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៨៥។ ទ្រង់បានចូលសិក្សាដំបូងនៅសាលា SK Sultan Ismail និងបន្ទាប់មកនៅសាលា Alice Smith ក្នុងរដ្ឋធានីគូឡាឡាំពួ។ ទ្រង់បានទៅចក្រភពអង់គ្លេស ដើម្បីបន្តការសិក្សានៅសាលា Oakham។
បន្ទាប់មកទ្រង់បានចូលសិក្សានៅសាលា St Cross នៃសាកលវិទ្យាល័យ Oxfordនិងសិក្សានៅមជ្ឈមណ្ឌល Oxford សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម ដើម្បីសិក្សាផ្នែកទំនាក់ទំនងការទូតដោយបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៩១។ ទ្រង់ក៏បានបន្តការសិក្សានៅមហាវិទ្យាល័យ Huron សិក្សានៅទីក្រុងឡុងដ៍ ចក្រភពអងគ្លេស សិក្សានៅខេត្ត Ontario ប្រទេសកាណាដា។ ក្រៅនេះទ្រង់បានសិក្សានៅសាលា Deutsche Stiftung für international Entwicklung (DSE) ក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ព្រមទាំងសិក្សានៅសាលាពាណិជ្ជកម្មអឺរ៉ុប ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសផងដែរ។
* ជីវិតឯកជនរបស់ទ្រង់
ព្រះអង្គម្ចាស់ Muhammad V បានរៀបការជាមួយ Tengku Zubaidah binti Tengku Norudin bin Tengku Muda (née Kangsadal Pipitpakdee) ដែលមានជាប់ស្រឡាយរាជ្យវង្សស្តេចប៉ាតានីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៤។ យ៉ាងនេះក្តី ទ្រង់ទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ២០០៨ កន្លងទៅនេះ។ ការលែងលះធ្វើឱ្យទ្រង់បានក្លាយជា Yang di-Pertuan Agongដំបូងក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ដែលគ្មានមហេសី (Yang di-Pertuan Agong)។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈពេលចាកចេញពីប្រទេសនោះ សារព័ត៌មានបានរាយការណ៍ឱ្យដឹងថា ព្រះអង្គម្ចាស់ Muhammad V បានរៀបការជាមួយនាង Oksana Voevodina ជនជាតិរុស្ស៊ី។ អ្នកនាង Voevodina គឺជាអតីតបេក្ខនារីបវរកញ្ញាដែលបានឈ្នះពានរង្វាន់បវរកញ្ញាម៉ូស្គូនៅក្នុងឆ្នាំ២០១៥។
ការរៀបអាពាហ៍ពិពាហ៍របស់ទ្រង់ ត្រូវបានសារព័ត៌មានផ្សព្វផ្សាយយ៉ាងទូលំទូយលាយ ព្រមទាំងក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់លើកមកពិភាក្សាលើបណ្តាញសង្គម។ រហូតមកទល់ខែមករា ឆ្នាំ២០១៩ នេះនៅមិនទាន់មានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយបដិសេធចំពោះការរៀបការរៀបអភិសេកនេះនៅឡើយ ដែលឆ្លុះបញ្ចាំងថា វាអាចជារឿងពិតដែលទ្រង់ត្រូវបានរៀបអភិសេកជាមួយស្ត្រីមិនជាប់ខ្សែរាជវង្ស។
* ការស្នងរាជ្យសម្បត្តិរបស់ទ្រង់
កាលពីខែ ឆ្នាំ២០០៩ បិតារបស់ទ្រង់ព្រះនាម ស៊ុលតង់អ៊ីស្មាតភីត្រា (Sultan Ismail Petra) មានជំងឺដាច់សរសៃឈាមខួរក្បាល។ ទ្រង់ត្រូវបានត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ម៉ោនអេលីហ្សាប៊េត (Mount Elizabeth Hospital) នៅប្រទេស សិង្ហបុរី។ ហេតុនេះ អង្គម្ចាស់ តេងគុហ្វឺរី (Tengku Faris) ត្រូវបានតែងតាំងជារាជានុសិទ្ធ នៅថ្ងៃទី២៥ ខែឧសភា ខណៈអវត្តមាននៃស្តេចស៊ុលតង់។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៩ អង្គម្ចាស់ Tengku Faris បានដកព្រះអនុជរបស់ទ្រង់ គឺព្រះអង្គ Tengku Muhammad Fakhry Petra (Muhammad V) ពីក្រុមប្រឹក្សាសោយរាជ្យសម្បត្តិ ដែលក្រុមប្រឹក្សានេះមានអំណាចដើម្បីកំណត់អ្នកត្រូវបន្តរាជបល្ល័ង្ក។
នាខែធ្នូ ឆ្នាំដដែល អង្គម្ចាស់ Tengku Muhammad Fakhry Petra បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការជាន់ខ្ពស់ ប្រឆាំងការដកទ្រង់ចេញដំណែងព្រមទាំងលិខិតមួយច្បាប់ទៀត ទៅកាន់លេខាធិការរដ្ឋដើម្បីប្រឆាំងរាល់អ្វីទាំងអស់ដែលអង្គម្ចាស់ Tengku Faris បានធ្វើ។ យ៉ាងនេះក្តី នៅខែមករា ឆ្នាំ២០១០ តុលាការជាន់ខ្ពស់បានបដិសេធពាក្យបណ្តឹងទាំងអស់របស់ទ្រង់។
តែនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ អង្គម្ចាស់ Tengku Muhammad Faris Petra ត្រូវបានគេប្រកាសថាជាស៊ុលតង់ទី២៩ នៃ Kelantan អនុលោមតាមមាត្រា ២៩ A នៃរដ្ឋធម្មនុញ្ញ។ ទ្រង់បានដាក់ទទួលបានព្រះនាមថា មហាម៉ាដទី៥ (Muhammad V)។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីសះស្បើយពីជំងឺ បិតារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Sultan Ismail Petra បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធ ដើម្បីប្រកាសថាការតែងតាំង អង្គម្ចាស់ Tengku Muhammad Faris Petra ជារឿងមិនស្របតាមរដ្ឋធម្មនុញ្ញ។
យ៉ាងនេះក្តី ព្រះអង្គម្ចាស់ Muhammad V បានចូលរួមមហាសន្និបាតលើកទី២២២ ជាលើកដំបូង ក្នុងនាមជាសមាជិកពេញសិទ្ធិ នាខែតុលា ឆ្នាំ២០១០។ ការចូលរួមនេះ ឆ្លុះបញ្ចាំងពីការទទួលស្គាល់ទ្រង់ជាស្តេចស៊ុលតង់។
* ការលាលែងពីដំណែង
ព្រះអង្គម្ចាស់ Muhammad V បានដាក់រាជ្យសម្បត្តិដោយមិននឹកស្មានដល់ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ដែលធ្វើឱ្យទ្រង់ក្លាយជាព្រះមហាក្សត្រដំបូងបំផុតរបស់ម៉ាឡេស៊ី ដែលបានធ្វើបែបនេះ។ យ៉ាងនេះក្តី មិនមានសេចក្តីប្រកាសណាមួយចេញពីព្រះបរមរាជវាំង បង្ហាញពីហេតុផលនៃការដាក់រាជ្យមុនពេលកំណត់ឡើយ ខណៈដែលទ្រង់ទើបតែសោយរាជ្យសម្បត្តិបាន ០២ឆ្នាំ មិនទាន់គ្រប់ ០៥ឆ្នាំនៅឡើយ។
មានតែសេចក្តីរាយការណ៍មួយប៉ុណ្ណោះចេញពីព្រះបរមរាជវាំងដែលបានលើកឡើងថា «ព្រះអង្គម្ចាស់បានប្រាប់ប្រជាជនម៉ាឡេស៊ី ឱ្យបន្តរួបរួមគ្នា រក្សាសាមគ្គី ភាពអត់ធ្មត់ និងធ្វើការរួមគ្នា» តែមិនបានធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមអំពីការរៀបការរបស់ទ្រង់នាពេលថ្មីៗនេះជាមួយនឹងបវរកញ្ញារុស្ស៊ី Oksana Voevodina និងស្ថានភាពរបស់ទ្រង់ឡើយ ដែលរឿងនេះបានបង្កក្តីសង្ស័យថាមានពាក់ព័ន្ធនឹងការដាក់រាជ្យសម្បត្តិ។
គួរជម្រាបថា ខណៈទ្រង់ទើបចាកចេញទៅក្រៅប្រទេសកាលពីនៅខែវិច្ឆិកា កន្លងទៅនេះ ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែមានរូបថតព្រះអង្គម្ចាស់ដែលមានវ័យ៤៩ឆ្នាំរូបនេះ រៀបអភិសេកជាមួយអ្នកនាង Oksana Voevodina ដែលមានវ័យទើបតែ២៥ឆ្នាំ។ មានសេចក្តីរាយការណ៍ឱ្យដឹងថា ទ្រង់ទំនងជារៀបអភិសេកកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ នៅប្រទេស រុស្ស៊ី ដោយពួកគេក៏មានការរៀបចំពិធីតាមប្រពៃណីរបស់ប្រទេស ម៉ាឡេស៊ីផងដែរ ដោយអ្នកនាង Oksana បានចូលជាអ្នកកាន់សាសនាអ៊ីស្លាម ព្រមទាំងបានប្តូរឈ្មោះទៅជា Rihana Oxana Gorbatenko ។
ប្រភពពីព្រះបរមរាជវាំង បានឱ្យដឹងថា ទ្រង់កំពុងត្រៀមត្រឡប់មកប្រទេស ម៉ាឡេស៊ីវិញ។ ដោយឡែកអ្នកត្រូវស្នងតំណែងរបស់ទ្រង់ នៅមិនទាន់ត្រូវបានគេបញ្ចេញឈ្មោះនៅឡើយ ខណៈដែលស៊ុលតង់ Perak Sultan Nazrin Muizzuddin Shah ដែលធ្វើជាស្តីទី ពេលទ្រង់សម្រាកព្យាបាលនៅក្រៅប្រទេស នឹងនៅតែបន្តកាន់ដំណែងស្តីទីនេះជាបន្តទៀត។ អ្នកស្នងតំណែងថ្មី ត្រូវបានគេរំពឹងថានឹងត្រូវបានជ្រើសរើសនៅថ្ងៃទី២៤ ខែមករា ខាងមុខ ព្រមទាំងប្រកាសតែងតាំងសប្តាហ៍បន្ទាប់ គឺនៅទី៣១ ខែមករា ខាងមុខ។
សូមជម្រាបថា នៅក្នុងប្រទេសម៉ាឡេស៊ី អំណាចនៅតែស្ថិតក្នុងកណ្តាប់ដៃសភា និងនាយករដ្ឋមន្ត្រី ចំណែកស្តេចមានអំណាចពិសេសក្នុងដៃ។ អំណាចពិសេសទាំងនោះរួមមានដូចជា ការដោះលែងជនជាប់ចោទ និងការស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីជាដើម៕
បកប្រែ និងសម្រួល៖ អ៊ឹត ចណ្ណា
ប្រភព៖ Wikipedia ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩