(ត្យូក្យូ)៖ ប្រជាជនជប៉ុនកំពុងកាន់លិខិតឆ្លងដែន ដែលមានឥទ្ធិពលជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩នេះ តាមពីក្រោយ ដោយប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង ខណៈលិខិតឆ្លង ឬ passport នៃបណ្ដាប្រទេសអាស៊ីទាំងនេះ នៅតែបន្តឈរនៅលំដាប់កំពូលៗ។ នេះបើតាមស្ថាប័ន Henley Passport ដកស្រង់ដោយសារព័ត៌មាន Independent នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
យោងតាម Henley Passport ជប៉ុនបានឈរនៅលេខរៀងទី ១ ដោយមានប្រជាជនអាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៩០។ ពោលគឺតាមពី ក្រោយដោយប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង ដែលឈរនៅលេខ ២ ដូចគ្នា ដែលប្រជាជនខ្លួនអាចធ្វើដំណើរមិនចាំបាច់មានទិដ្ឋាការ ទៅកាន់ប្រទេសចំនួន១៨៩។
គួរបញ្ជាក់ថា បើតាម Henley Passport ប្រទេសអាល្លឺម៉ង់ និងបារាំង ឈរនៅលេខរៀងទី ៣ ដូចគ្នា ហើយប្រជាជនប្រទេសទំាងពីរអាចធ្វើ ដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៨៨ ស្របពេលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បន្តស្ថិតនៅលេខរៀងទី ៦ ដូចគ្នាដែលមានលិខិតឆ្លងដែនមានឥទ្ធិពលជាងគេ នៅលើពិភពលោក ជាមួយប្រជាជនរបស់ពួកគេអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៨៥ ដោយមិនចាំបាច់មានទិដ្ឋាការ។
ដោយឡែកបើយើងងាកទៅមើលបណ្តាប្រទេស ដែលមានទិដ្ឋាការខ្សោយជាងគេ ឈានចូលមកដល់ដើមឆ្នាំ២០១៩ វិញនោះ គឺមានដូចជា ទី ១ អ៊ីរ៉ាក់, ទី ២ ស៊ីរី និងសូម៉ាលី, ទី ៣ ប៉ាគីស្ថាន, ទី ៤ យ៉េមែន និងទី ៥ គឺប្រទេសអេរីទ្រា។ ការជាប់លំដាប់ថ្នាក់បាតតារាងបែបនេះ ក៏ព្រោះតែប្រទេសទាំង ៦ នេះកំពុងស្ថិតនៅក្នុងភាពអសន្តិសុខខ្លាំង និងសង្គ្រាម៕