(តូក្យូ)៖ ទស្សនាវដ្តីសម្រាប់បុរសមួយនៅជប៉ុន បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីខ្លួនបានចេញផ្សាយនូវអត្ថបទមួយ ដែលបង្ហាញអំពីលំដាប់ថ្នាក់នៃសាកលវិទ្យាល័យនានានៅជប៉ុន ដែលងាយក្នុងការពង្វក់សិស្សនារីៗនៅក្នុងនោះមករួមភេទ កំឡុងពេលដែលមានពិធីជប់លៀង និងផឹកស៊ីជាដើម។ នេះបើតាមការដកស្រង់ការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
ទស្សនា Spa ខាងលើនេះ ទើបតែបានបញ្ចេញទស្សនាវដ្តីលេខរៀងថ្មីប្រចាំសប្តាហ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយក្រោយការចេញផ្សាយនោះភ្លាមៗ ក៏មានផ្ទុះការរិះគន់ពីសាធារណៈជន ជាពិសេសសាកលវិទ្យាល័យដែលស្ថិតនៅលេខរៀងកំពូលៗនោះតែម្តង។ ការតវ៉ាក៏ត្រូវបានធ្វើឡើងផងដែរ ដោយស្ត្រីមួយរូបបានចេញយុទ្ធនាការមួយ ដើម្បីទាមទារឲ្យម្ចាស់ទស្សនាវដ្តីខាងលើនេះ ចេញមុខសុំទោសជាសាធារណៈ និងលុបចោលនូវអត្ថបទលំដាប់ថ្នាក់សាកលវិទ្យាល័យសិច ដែលខ្លួនបានចុះផ្សាយនោះភ្លាម ព្រោះវាត្រូវបានចាត់ទុកជាមើលងាយស្ត្រីជាសិស្សសាលា និងមុខមាត់នៃវិស័យអប់រំរបស់ជប៉ុន។
ជុំវិញបញ្ហារសើបខ្លាំងខាងលើនេះ ម្ចាស់ទស្សនាវដ្តីជប៉ុនបានចេញមុខសុំទោសដោយមានអត្ថន័យយ៉ាងដូច្នេះថា «យើងខ្ញុំសូមអភ័យទោស ចំពោះការប្រើប្រាស់សំណេរដែលប៉ះពាល់ដល់អ្នកអានទាំងឡាយ និងចំពោះការចុះលំដាប់ថ្នាក់សាកលវិទ្យាល័យនានា ជាមួយនិងឈ្មោះថែមទៀត។ វាបានចេញនូវលទ្ធផលហើយ ដែលនោះគឺការធ្វើឲ្យអ្នកអាននានាខឹងសម្បារ...។ ក្នុងបញ្ហាដែលពាក់ព័ន្ធផ្លូវភេទបែបនេះ យើងនឹងធ្វើអ្វីៗដែលអាចធ្វើទៅបានក្នុងនាមជាទស្សនាវដ្តីមួយ ដើម្បីឲ្យសមស្របទៅតាមមតិគ្រប់ទិសទី...»។
គួរបញ្ជាក់ថា អត្ថបទរបស់ទស្សនាវដ្តី Spa គឺសំដៅទៅលើពិធីជប់លៀងមួយប្រភេទនៅជប៉ុន ដែលបុរសៗអាចជួលនារីមកបម្រើការសប្បាយ រួមទាំងការរួមភេទជាមួយពួកគេផងដែរ ដោយក្នុងនោះត្រូវបានគេអះអាងថា អាចមានទាំងសិស្សនារីនៃមហាវិទ្យាល័យ ដែលចង់បានប្រាក់ ឬការកម្សាន្តថែមទៀតផង។
ពិធីជប់លៀងប្រភេទខាងលើនេះ គឺត្រូវបានបង្ហើបឲ្យដឹងថា បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅនេះ ដោយវាមិនមែនជាការពេញនិយមសម្រាប់តែបុរសភេទនោះទេ ប៉ុន្តែនារីៗក៏រីករាយខ្លាំងផងដែរ ព្រោះសូម្បីតែ App ទូរស័ព្ទក៏ត្រូវបានបង្កើតឡើង ដើម្បីសម្រួលឲ្យពួកគេ ងាយស្រួករកដៃគូជាបុរស ដើម្បីសប្បាយជាមួយគ្នាផងដែរ៕