(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានបាញ់សាកល្បងគ្រាប់កាំភ្លើងពិសេស Hyper Velocity ជាង ២០គ្រាប់ចេញពីនាវាពិឃាត USS Dewey ជាផ្នែកមួយនៃការសិក្សាស្រាវជា្រវ ដឹកនាំដោយកងនាវាអាមេរិក និងការិយាល័យសមត្ថភាពយុទ្ធសាស្ត្រនៃក្រសួងការពារជាតិ (SCO)។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
យោងតាម SCO ការបាញ់សាកល្បងខាងលើ ត្រូវបានធ្វើឡើងអំឡុងសមយុទ្ធយោធាជើងទឹកមួយ នៅឯដែនទឹកទីក្រុងហូណូលូលូ (Honolulu) នៃកោះហាវ៉ៃ (Hawaii) ដែលធ្វើឡើងជារៀងរាល់ ០២ឆ្នាំម្ដង។ គ្រាប់កាំភ្លើងពិសេស Hyper Velocity មានសមត្ថភាពបាញ់កម្ទេចយន្ដហោះដ្រូន និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ ប៉ុន្តែទន្ទឹមគ្នា ពុំទាន់មានការអះអាងថា ការបាញ់សាកល្បងបានទទួលជោគជ័យ ឬបរាជ័យនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលសម្រាប់ការវាយតម្លៃយុទ្ធសាស្ត្រ និងកញ្ចប់ថវិកា កាំភ្លើងពិសេស Hyper Velocity មួយគ្រាប់មានតម្លៃពី ៧៥,០០០ដុល្លារ ដល់ ១០០,០០០ដុល្លារ៕