(អាល្លឺម៉ង់)៖ អ្នកនយោបាយស្ដាំនិយម និងជាតំណាងរាស្ត្រអាល្លឺម៉ងម្នាក់ មកពីគណបក្ស AfD លោក Frank Magnitz ត្រូវជនមិនស្គាល់ មុខមួយក្រុមវាយឱ្យរបួសធ្ងន់នៅក្នុងទីក្រុង Bremen ខណៈប៉ូលិសអះអាងថាការវាយប្រហារនេះអាចជាចេតនានយោបាយ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
យោងតាមប៉ូលិសអាល្លឺម៉ង លោក Magnitz ត្រូវបានមនុស្ស៣នាក់បិទមុខយ៉ាងជិតវាយនឹងដំបងឱ្យសន្លប់ និងមានរបួសចំផ្ទៃមុខយ៉ាងធ្ងន់ ធ្ងរកាលពីថ្ងៃចន្ទ។ ប៉ុន្តែមកទល់នឹងពេលនេះ ក្រុមជនសង្ស័យមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ ឬចាប់ខ្លួននៅឡើយទេ រីឯអ្នកនាំពាក្យគណបក្ស AfD បានបង្ហោះរូបភាពរបស់លោក Magnitz កំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ការិយាល័យមួយនៃគណបក្ស AfD ស្ថិតនៅភាគខាងកើតទីក្រុង Döbeln ក៏បានរងការបំផ្លិចបំផ្លាញ ដោយការផ្ទុះមួយផងដែរ តែគ្មាននរណាម្នាក់រងរបួសឡើយ៕