(ដាម៉ាស់)៖ ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅភាគខាងកើតប្រទេសស៊ីរី បានបណ្តាឲ្យក្រុមអ្នកប្រយុទ្ធឃើដ SDF ដែលមានការគាំទ្រពីសហរដ្ឋអាមេរិកចំនួន ២៣នាក់បាត់បង់ជីវិត រួមជាមួយក្រុមភេរវករ ISIS ចំនួន ០៩នាក់ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
បើតាមការអះអាងពីក្រុមអសង្កេតការណ៍សិទ្ធិមនុស្សនៅស៊ីរីនាថ្ងៃអង្គារនេះ ក្រុម ISIS បានឆ្លៀតឱកាសវាយឆ្មក់លើក្រុមសកម្មប្រយុទ្ធ SDF នៅតាមបណ្តោយដងទន្លេ អឺប្រាតស៍ (Euphrates) ដោយប្រើប្រាស់ក្រុមបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។ ជាលទ្ធផលសមាជិក SDF ចំនួន ២៣នាក់ និងសមាជិក ISIS ចំនួន ០៩នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នា ដែលផ្ទុះឡើងរហូតដល់ព្រឹកថ្ងៃចន្ទ។
គួរជម្រាបថា កាលពី០៤ខែមុន ក្រុម SDF បានបើកប្រតិបត្តិការយោធាដើម្បីកម្ចាត់ក្រុម ISIS ក្រោមការជួយគាំទ្រតាមផ្លូវគោក និងអាកាសពីក្រុមយោធាចម្រុះអន្តរជាតិ ហើយការវាយប្រហាររបស់ ISIS កាលពីថ្ងៃអាទិត្យនេះ គឺជាសងសឹកតបតទៅវិញ។ បើតាមអង្គការសិទ្ធិមនុស្សខាងលើ សមាជិក ISIS សរុប ១,០៨៧នាក់ និងកម្លាំង SDF ៦០២នាក់ បានស្លាប់ចាប់តាំងពីពេលចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕