(ការ៉ាកាស់)៖ ក្រុមហ៊ុនប្រេងរដ្ឋរបស់វេណេស៊ុយអេឡា PDVSA បានចុះកិច្ចព្រមព្រៀងតម្លៃ ៤០០លានដុល្លារ ជាមួយក្រុមហ៊ុនបារាំង Maurel & Prom ដើម្បីបង្កើនសន្ទុះការផលិតប្រេងឆៅនៅក្នុងរដ្ឋ ហ្ស៊ូលៀ (Zulia) នៃប្រទេសអាមេរិកឡាទីននេះ។ នេះបើតាមសេចក្តីប្រកាសរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
យោងតាមការបញ្ជាក់ពីលោក ម៉ាឌូរ៉ូ ការចុះកិច្ចព្រមព្រៀងនេះ គឺស្ថិតក្នុងផែនការឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ របស់រដ្ឋាភិបាលលោក សម្រាប់ការបណ្តាក់ទុនវិនិយោគពីបរទេស ហើយគោលដៅនៃកិច្ចព្រមព្រៀងគឺបង្កើនឲ្យការផលិតប្រេងឆៅក្នុងមួយថ្ងៃកើនដល់ ២.៥លានបារ៉ែលនៅឆ្នាំនេះ។
គួរជម្រាបថា ប្រទេសវេណេស៊ុយអេឡាបានរងគ្រោះជាខ្លាំង ដោយសារតែធ្លាក់ចុះយ៉ាងគំហុកនៃថ្លៃប្រេង កាលពីឆ្នាំ២០១៤។ លោក ម៉ាឌូរ៉ូ បាននិយាយថា រូបលោកកំពុងមើលការខុសត្រូវដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់ លើការស្រោចស្រង់ឡើងវិញនូវឧស្សាហកម្មប្រេង នៃប្រទេសរបស់លោក៕