(ប៉េកាំង)៖ នាវាដឹកប្រេងមួយគ្រឿងបានឆាបឆេះរហូតដល់ផ្ទុះតែម្តង នៅក្នុងដែនទឹកនៃកោះ ឡេមម៉ា (Lamma) របស់ទីក្រុងហុងកុង ខណៈមនុស្សម្នាក់បានស្លាប់ និង ២១នាក់ទៀត ដែលសុទ្ធសឹងជាសហសេវិកលើនាវានោះ កំពុងរង់ចាំការជួយសង្គ្រោះ។ នេះបើតាមការចេញផ្សាយដោយកាសែតចិន-ហុងកុង South China Morning Post ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានកាលពីវេលាម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃអង្គារនេះតែម្តង (ម៉ោងនៅទីក្រុងហុងកុង) ដោយកាសែតចិនបានសរសេរតាមសម្តីអ្នកឃើញហេតុការណ៍ផ្ទាល់យ៉ាងដូច្នេះថា «ពីដំបូងឡើយយើងឃើញមានភ្លើងឆេះលើនាវាដឹកប្រេងនោះ ហើយបន្ទាប់មកលើនាវាក៏មានការផ្ទុះកើតឡើងតែម្តង បណ្តាលឲ្យមនុស្សមួយចំនួនលោតចូលទៅក្នុងទឹកសមុទ្រ...»។
គួរបញ្ជាក់ថា ពេលនេះការសង្គ្រោះកំពុងតែប្រព្រឹត្តទៅនៅឡើយ ខណៈទូកសង្គ្រោះកំពុងស្ថិតនៅកន្លែងកើតហេតុ ជាមួយនឹងឧទ្ធម្ភាគចក្រហោះសំកាំងពីលើអាកាស ដើម្បីអង្កេតរកមនុស្សដែលបានលោតចុះពីនាវាដែលបានផ្ទុះ និងកំពុងបន្តឆាបឆេះនៅឡើយ៕