TOP NEWS: ព្រឹទ្ធសភាអាមេរិកបញ្ជូនឈ្មោះបេក្ខភាពអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ត្រឡប់ទៅលោក ដូណាល់ ត្រាំ វិញ ក្រោយពីលោកត្រូវបានបដិសេធ (Video inside)
08-01-2019 12:40
(វ៉ាស៊ីនតោន)៖ ទីបំផុតព្រឹទ្ធសភាអាមេរិកបានសម្រេចចិត្តជំទាស់ និងបញ្ជូនឈ្មោះបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ដែលលោក ដូណាល់ ត្រាំ គ្រោងបញ្ជូនទៅប្រទេសកម្ពុជានោះ ឲ្យទៅលោកប្រធានាធិបតីអាមេរិករូបនេះវិញហើយ។ នេះបើតាមការបង្ហោះនៅក្នុងគេហទំព័រសភាអាមេរិក congress.gov នាដើមខែមករា ឆ្នាំ២០១៩នេះ។
ការបញ្ជូនបេក្ខភាពរបស់លោក Murphy ត្រឡប់ទៅឲ្យលោក ត្រាំ វិញខាងលើនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីបេក្ខភាពលោក Murphy មិនត្រូវបានព្រឹទ្ធសភានីតិកាលទី១១៥ យល់ព្រមទទួលយក។ លោក Murphy គឺជាឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងបានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យនៃរដ្ឋ វ៉ឺម៉ុនត៍ (Vermont)។
លោកត្រូវបានលោក ដូណាល់ ត្រាំ ជ្រើសរើសជាបេក្ខភាពឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែសីហា ជំនួសតំណែងអគ្គរដ្ឋទូតផុតអាណត្តិ លោក វីលៀម ហេដត៍ (William A Heidt)។
សំណើតែងតាំងលោក ត្រូវបញ្ជូនទៅដល់ព្រឹទ្ធសភានៅថ្ងៃទី១៦ ខែសីហា ស្របពេលគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក បានបើកវេទិកាដេញដោលរូបលោកកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨៕