(វ៉ាស៊ីនតោន)៖ ចិនបានក្លាយជាប្រទេសទី ៣ លើពិភពលោក ដែលបានបញ្ជាយានទៅចុះចតនៅលើឋានព្រះច័ន្ទ ប៉ុន្តែអ្វីដែលសំខាន់នោះមហាយក្សនៅលេខ ១ ប្រចាំទ្វីបអាស៊ីនេះ បានក្លាយជាប្រទេសដំបូងគេលើផែនដី ដែលបានធ្វើយ៉ាងដូច្នោះ នៅឯផ្ទៃចំហៀងម្ខាងទៀតនៃព្រះច័ន្ទ ដែលសូម្បីតែសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលសុទ្ធតែជាអ្នកនាំមុខខាងវិស័យអវកាសរាប់ទសវត្សរ៍មកនេះ មិនទាន់សម្រេចបាននៅឡើយ។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៨។
យានអវកាសខាងលើដែលមានឈ្មោះ «ឆាងអឺទី៤» គឺជានិមិត្តរូបនៃការរីកចម្រើនក្នុងវិស័យអវកាសរបស់ប្រទេសចិន និងជាសមត្ថភាពដែលចិនបានខិតខំកសាងឡើង។ ភាពជោគជ័យនេះ ក្លាយជាសារសំខាន់ខ្លាំងបំផុតសម្រាប់ចិនខ្លួនឯងផ្ទាល់ និងសម្រាប់ទំនាក់ទំនងរវាងមហាអំណាចនៅលើពិភពលោក។ តាំងពីដើមមកកត្តាជំរុញដ៏ធំនៅក្នុងគោលនយោបាយ ផ្នែកស្រាវជ្រាវទីអវកាសរបស់សហរដ្ឋអាមេរិក គឺការប្រកួតប្រជែងជាមួយរុស្ស៊ី ប៉ុន្តែប្រសិនបើភាពជោគជ័យរបស់ចិន នៅតែបន្តរីកដុះដាលខ្លាំងឡើងៗនោះ តើអាមេរិកអាចធ្វើការរត់ប្រណាំងជាថ្មីទៀត លើវិស័យអវកាសជាមួយចិនដែរ ឬយ៉ាងណា?
ចំណុចពិសេសគួរឲ្យកត់សម្គាល់បំផុតនៅក្នុងវិស័យអវកាសចិន ជាពិសេសបើធៀបទៅលើដំណាក់កាលដំបូងៗ នៃកម្មវិធីអវកាសរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះ គឺវាមានសន្ទុះយឺត ប៉ុន្តែមានលក្ខណៈថេរ។ ដោយសារតែភាពអាថ៌កំបាំងនៅជុំវិញវិស័យអវកាសចិន ធ្វើឲ្យអានុភាពពិតប្រាកដរបស់ចិននៅក្នុងវិស័យនេះ ពុំត្រូវបានគេដឹងច្បាស់ឡើយ។ ប៉ុន្តែបើតាមការស្ទាបស្ទង់ វិស័យអវកាសចិនគឺទំនងជាមានភាពរីកចម្រើនប្រហាក់ប្រហែលនឹងសមភាគីរបស់ខ្លួនទៅហើយ។
បើនិយាយពីការអនុវត្តន៍ក្នុងវិស័យយោធា ចិនបានបង្ហាញឲ្យឃើញនូវភាពស្ទាត់ជំនាញគួរឲ្យស្ញើចសរសើរ ដោយកាលពីឆ្នាំ២០០៧ ចិនបានធ្វើតេស្តបាញ់មីស៊ីលផ្លោងកម្ទេចផ្កាយរណបដែលខូចមួយគ្រឿងដោយជោគជ័យ។ ប៉ុន្តែជោគជ័យនៃការធ្វើតេស្តប្រឆាំងផ្កាយរណបនេះ បានបង្កើតចេញបណ្តុំកម្ទេចកម្ទីក្នុងទីអវកាស ដែលកំពុងបន្តបង្កការគំរាមកំហែងដល់ផ្កាយរណបឯទៀតៗ។
កាលពីឆ្នាំ២០១៨ថ្មីៗនេះវិញ ក្រសួងការពារជាតិអាមេរិក បានចេញរបាយការណ៍ឲ្យដឹងថា កម្មវិធីអវកាសសម្រាប់បម្រើវិស័យយោធារបស់ចិន បានបន្តរីកលូតលាស់ខ្លាំងយ៉ាងឆាប់រហ័ស។ ទោះជាបែបនេះក្តី មិនដូចប្រទេសផ្សេងៗ អាមេរិកមិនបានចូលទៅបង្កើតកិច្ចសហប្រតិបត្តិការធំដុំណាមួយជាមួយចិនឡើយ ដោយសារតែបញ្ហាសន្តិសុខជាតិ។
យ៉ាងណាក៏ដោយ អានុភាពរបស់ចិនក្នុងវិស័យអវកាស កំពុងតែរីកចម្រើនខ្លាំងរហូតត្រូវបានឆ្លុះបញ្ចាំង នៅក្នុងភាពយន្តហូលីវូដល្បីៗដូចជា The Martian កាលពីឆ្នាំ២០១៥ ជាដើម ដោយក្នុងនោះទីភ្នាក់ងារអវកាសអាមេរិក NASA បានងាកទៅរកចិនឲ្យជួយសង្រ្គោះអវកាសយានិករបស់ខ្លួន ដែលជាប់នៅលើភពអង្គារ (Mars) ព្រោះតែយានដឹកទំនិញរបស់ខ្លួនត្រូវខូចខាត ហើយពេលនោះគឺចិនអាចជួយបានយ៉ាងប្រាកដ។
គួរជម្រាបថា ខណៈការប្រកួតប្រជែងគ្នា អាចនាំទៅរកភាពជឿនលឿននៃបច្ចេកវិទ្យា ដូចបានបង្ហាញក្នុងការរត់ប្រណាំងផ្នែកអវកាស រវាងអាមេរិកនិងចិននោះ ការសហការគ្នារវាងមហាអំណាចនៃវិស័យអវកាស ក៏អាចផ្តល់អត្ថប្រយោជន៍ដែរ ពោលគឺមិនត្រឹមអាចជួយសង្រ្គោះអវកាសយានប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើនចំណេះដឹងកាន់តែទូលំទូលាយអំពីចក្រវាឡដែលយើងទាំងអស់គ្នាកំពុងរស់នៅថែមទៀត។ ដូច្នេះហើយ ទោះបីវិស័យអវកាសចិនកំពុងលោតឡើងខ្លាំងយ៉ាងណាក៏ដោយ មិនមែនលទ្ធផលទាំងអស់សុទ្ធតែអាក្រក់ ដូចគូប្រជែងរបស់ចិនប្រឹងលើកឡើងនោះទេ៕