(វ៉ាស៊ីនតោន)៖ ប្រធានធនាគារពិភពលោក (World Bank) លោក ជីម យ៉ុងគីម (Jim Yong Kim) ប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា លោកនឹងលាលែងចេញពីតំណែងនៅខែកុម្ភៈក្រោយនេះ មុននឹងអាណត្តិបច្ចុប្បន្នត្រូវបញ្ចប់នៅឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Kim បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាកិត្តិយសបំផុតសម្រាប់ខ្ញុំ ដែលបានកាន់តំណែងជា ប្រធានធនាគារពិភពលោក ដែលមានបេសកកម្មដើម្បីលុបបំបាត់ភាពក្រីក្រ... ដូច្នេះខ្ញុំគិតថា វាដល់ពេលដែលខ្ញុំត្រូវផ្តោតសំខាន់លើកិច្ចខិតខំ ប្រឹងប្រែងលើការវិនិយោគហិរញ្ញវត្ថុឯកជន ដើម្បីប្រយោជន៍ប្រជាជននៅលើពិភពលោក»។
គួរជម្រាបថា លោក Jim Yong Kim មានអាយុ ៥៩ឆ្នាំ បានកាន់តំណែងជាប្រធានធនាគារពិភពលោក កាលពីឆ្នាំ២០១២ ព្រមទាំងត្រូវ ផុតអាណត្តិនៅឆ្នាំ២០២២ ក្រោយជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិ ០៥ឆ្នាំកាលពីឆ្នាំ២០១៧។ ការលាលែងពីតំណែងរបស់លោក Kim ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកអាចនឹងចូលរួមជាមួយស្ថាប័នមិនទាន់ស្គាល់អត្តសញ្ញាណមួយ ដែលផ្តោតសំខាន់លើការវិនិយោគលើបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ចំណែកឯ World Bank CEO លោកស្រី គ្រីស្តាលីណា ហ្សកហ្ស៊ីវ៉ា (Kristalina Georgieva) នឹងកាន់តំណែងជាប្រធានធនាគារពិភពលោកស្ដីទី ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ក្រោយការចាកចេញរបស់លោក គីម។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kim ត្រូវបានក្រុមអ្នកជំនាញមួយចំនួនមើលឃើញថា នឹងផ្ដល់ឱកាសឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានឥទ្ធិពលលើថ្នាក់ដឹកនាំបន្ទាប់របស់ធនាគារពិភពលោក តាមរយៈការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោនស្ថាប័នអន្តរជាតិមួយ ដែលមានសមាជិក ១៨៩ប្រទេស៕