(ពិភពលោក)៖ តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចនឹងផ្ទុះឡើងរហូតគ្រប់គ្រងលែងបាន ឈានដល់ការប្រើប្រាស់អាវុធប្រល័យលោកបាញ់ប្រហារគ្នាដែរឬទេ? វាមិនដូច្នោះទេ។ ភាគីទាំងសងខាង គ្មាននរណាម្នាក់ចង់ទទួលផលវិបាក ដែលជាវិនាសកម្មដ៏ធ្ងន់ធ្ងរនោះទេ ព្រោះគ្រាន់តែគិតដល់លទ្ធផលក៏រន្ធត់ដែរ។ សម្រាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ច្បាស់ជាមិនទទួលបានផលអ្វីទាំងអស់ក្រៅពីការខាតបង់ ប្រសិនបើប្រទេសកុម្មុយនីសមួយនេះ ព្រហើនហ៊ានបំផ្ទុះអាវុធវាយប្រហារសហរដ្ឋអាមេរិកមុន។
កូរ៉េខាងជើងត្រូវទទួលស្គាល់ថា សង្គ្រាមនឹងនាំមកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយគ្មានប្រទេសណាមួយចង់ធ្វើជាម្ចាស់ជំនួយខ្លួនពេកនោះទេ។ មិនថារុស្ស៊ី ឬចិន បានលើកឡើងរួចហើយថា ខ្លួនគ្មានកាតព្វកិច្ចនៅក្រោមសន្ធិសញ្ញាការពារជាតិជាមួយប្រទេសកូរ៉េខាងជើង ក្នុងការធ្វើអន្តរាគមន៍ក្នុងរឿងនេះឡើយ ប្រសិនបើកូរ៉េខាងជើងហ៊ានបាញ់ប្រហារគូសត្រូវមុននោះ។
ជាការពិតរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ពិតជាបានគំរាមបាញ់ទម្លាក់យន្តហោះអាមេរិក ទោះបីយន្តហោះនេះនៅក្រៅលំហអាកាសប្រទេសខ្លួនក្តី ជាការឆ្លើយតបទៅនឹង «ការប្រកាសសង្គ្រាម» ដែលប្រធានាធិបតី Donal Trump បានបង្ហោះលើបណ្តាញសង្គមថា ប្រទេសកូរ៉េខាងជើង និងមេដឹកនាំរបស់ខ្លួនលោក Kim Jong Un នឹងបាត់ស្រមោលពីផែនដី ប្រសិនបើពួកគេនៅតែបន្តបង្កហេតុ។
អ្នកវិភាគមើលឃើញថា ភាពតានតឹងកន្លងមកគ្រាន់តែជាផ្នែកមួយនៃការប្រមាថ និងការគំរាមកំហែងគ្នារវាងមេដឹកនាំចរិតក្មេង គឺលោក Donald Trump និងលោក Kim Jong un ប៉ុណ្ណោះ។ អ្វីទាំងអស់ដែលលោកខាងលិច លើកឡើងអំពីលោក Kim ថា ជនផ្តាច់ការ ឃោរឃៅ ធ្វើអ្វីគិតតែពីខ្លួនឯង តែអ្វីដែលលោកចង់បានគ្មានអ្វីចង់រស់ និងរក្សាអំណាចខ្លួនប៉ុណ្ណោះ។ ដូច្នេះមេដឹកនាំរូបនេះច្បាស់ជាមិនសម្រេចចិត្តធ្វើអ្វីហួសហេតុមុនសហរដ្ឋអាមេរិកឡើយ ហើយលោកក៏មិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកមានលេសដើម្បីវាយប្រហារកូរ៉េខាងជើងដូចគ្នា។
អ្នកវិភាគមួយចំនួនមិនសូវយល់ច្បាស់ពីអ្វីដែលលោក Trump កំពុងធ្វើទាល់តែសោះទាក់ទងនឹងបញ្ហាកូរ៉េខាងជើង។ សំណួរចោទសួរថា តើលោកសង្ឃឹមថា នឹងទទួលបានអ្វីមកវិញពីការរករឿងបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង? ឬដើម្បីបង្វែរចំណាប់អារម្មណ៍មនុស្ស ពីបញ្ហានយោបាយក្នុងស្រុកដែលលោកហាក់មិនមានទទួលខុសត្រូវឱ្យមកចាប់អារម្មណ៍លើរឿងនេះ? យើងហាក់មើលមិនឃើញក្តីសង្ឃឹមនៃជោគជ័យណាមួយឡើយពាក់ព័ន្ធនឹងរឿងនេះ។
លោកគិតថា ការគំរាមកំហែងកូរ៉េខាងជើងយូរៗទៅធ្វើឱ្យប្រទេសនេះមិនអាចទ្រាំទ្របានមែនទេ? វាមិនងាយបែបនេះនោះទេ ព្រោះថា លោក Kim មិនអាចងាកចេញពីអាវុធនុយក្លេអ៊ែរដែលខ្លួនគិតថាជាមធ្យោបាយតែមួយគត់ដើម្បីបន្តអំណាច ដោយមិនខ្វល់ថា ប្រទេសផ្សេងទៀតសូម្បីតែប្រទេសចិន គិតបែបណានោះឡើយ។ ខណៈនេះរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើដំណើរឆ្ងាយណាស់ទៅហើយលើវិថីនៃម្ចាស់អាវុធនុយក្លេអ៊ែរ ហេតុនេះគ្មានមធ្យោបាយងាយៗណាមួយ ដើម្បីបញ្ឈប់បានភ្លាមៗនោះទេ។
តើអាមេរិកអាចរកអំណះអំណាងអ្វីសមហេតុផលដើម្បីចោទថា ការផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនអាចទទួលយកបាន ខណៈដែលខ្លួនព្រមទាំងរុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែល ក៏មានអាវុធនុយក្លេអ៊ែរដែរនោះ?
តើយើងគួរជឿឬទេ ចំពោះការលើកឡើងថា កូរ៉េខាងជើងបានគំរាមកំហែងមហាអំណាចពិភពដែលមានមូលដ្ឋានយោធា រហូតដល់ជាង៥៥០កន្លែងនៅជុំវិញពិភពលោក ព្រមទាំងមានយន្តហោះបំបាំងកាយទម្លាក់គ្រាប់បែកនៅកោះ Guam និងប្រទេសជប៉ុន រួមជាមួយគ្រាប់មីស៊ីលដែលដាក់ល្បាតឧបទ្វីបកូរ៉េ អាចបំផ្លាញកូរ៉េខាងជើង ឱ្យវិលត្រឡប់ទៅរកយុគថ្មវិញបាន ក្នុងពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ? តើវាសាកសមទេ ដែលអាមេរិកអះអាងថាអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង គំរាមកំហែងដល់ផលប្រយោជន៍ខ្លួន ហើយចាំបាច់ត្រូវរារាំងមុនពេលកូរ៉េខាងជើង មានសមត្ថភាពក្នុងការបាញ់គ្រាប់មីស៊ីលបំពាក់នុយក្លេអ៊ែរទៅដល់រដ្ឋកាលីហ្វ័រនីញ៉ា?
តាមពិតគឺរដ្ឋាភិបាលក្រុងព្យុងយ៉ាងទៅវិញទេ ដែលត្រូវបារម្ភ ដោយសារវត្តមានយោធាសហរដ្ឋអាមេរិកនៅដែនដីអាស៊ី ដែលជាការគំរាមកំហែងចំពោះអត្ថិភាពរបស់ខ្លួន ជាហេតុបង្ខំឱ្យកូរ៉េខាងជើង ត្រូវមានអាវុធក្នុងដៃដើម្បីការពារសុវត្ថិភាពខ្លួន។ មិនចាំបាច់ត្រូវវិភាគស៊ីជម្រៅនោះទេ ត្រឹមតែមើលនូវអ្វីដែលសហរដ្ឋអាមេរិកបានធ្វើចំពោះលោក សាដាម ហ៊ូសេន (Saddam Hussein) មេដឹកនាំប្រទេស អ៉ីរ៉ាក់ និងលោក មូម៉ាកាដាហ្វី (Muammar Gaddafi) មេដឹកនាំលីប៊ី ក្រោមលេស ដើម្បីរារាំងប្រទេសទាំងនោះ ពីការផលិតអាវុធប្រល័យលោក។ ជាមួយគ្នានេះគឺការឃើញនូវអ្វីដែលអាមេរិកកំពុងព្យាយាមធ្វើចំពោះមេដឹកនាំប្រទេស ស៊ីរី លោក បាស្សាអាល់អាសាដ (Bashar al-Assad) សព្វថ្ងៃនេះ។
លោក គីម និងឧត្តមសេនីយ៍របស់លោក មិនមែនខ្វាក់មើលមិនឃើញវត្តមានទ័ពដ៏រឹងមាំរបស់កូរ៉េខាងត្បូងទាំងប្រុសទាំងស្រី ចំនួន៦០០ពាន់នាក់ និងទាហានអាមេរិក២៥ពាន់នាក់ ដាក់ពង្រាយនៅលើដែនដីកូរ៉េខាងត្បូងស្ថិតនៅចម្ងាយត្រឹម៦០គីឡូម៉ែត្រពីព្រំប្រទល់ ដែលត្រៀមជាស្រេចក្នុងការធ្វើសង្គ្រាម។ ជាងនេះទៅទៀតនោះ ពួកអ្នកនយោបាយរដ្ឋាភិបាលសេអ៊ូល តូក្យូ និងទីក្រុងវ៉ាស៊ីនតោន តែងតែរងចាំជានិច្ចដើម្បីដុតបញ្ឆេះ ជំរុញការផ្លាស់ប្តូររបបរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
* ហេតុនេះ តើអ្វីជាដំណោះស្រាយសមស្របបំផុតដែលត្រូវធ្វើនៅពេលនេះ? ប្រសិនបើមិនមានហេតុគ្រប់គ្រាន់ដើម្បីអូសទាញកូរ៉េខាងជើង បញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរ ខណៈដែលមេដឹកនាំរូបនេះយល់ថា មានតែអាវុធដែលអាចធានាដល់ការរក្សាអំណាចរបស់ខ្លួននោះ ពិភពលោកប្រហែលត្រូវបន្តរស់នៅជាមួយវត្តមាននៃអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដូចដែលយើងកំពុងរស់នៅជាមួយនុយក្លេអ៊ែររបស់ឥណ្ឌា ឬអ៉ីស្រាអែលផងដែរ។
តែយើងសាកល្បងគិតថា តើការអាវុធគ្រោះថ្នាក់ទាំងនោះវាបង្កផលប៉ះពាល់អ្វីដល់យើង បើប្រទេសដែលកាន់កាប់អាវុធទាំងនោះដឹងច្បាស់ថា ការបំផ្ទុះអាវុធនឹងបង្កឱ្យមានការបំផ្លាញទាំងស្រុងដល់ខ្លួនឯងវិញនោះ? សាកគិតបន្តិចថា ប្រសិនបើអ្នកជាកូរ៉េខាងជើង តើអ្នកធ្វើដូចម្តេចដើម្បីរក្សារបបកុម្មុយនីសរបស់ខ្លួន? ច្បាស់ជាព្យាយាមផលិតអាវុធដែលមានថាមពលខ្លាំងក្លាបំផុតដើម្បីការពារខ្លួន។ មិនប្រាកដថាត្រូវតែប្រើប្រាស់សម្រាប់បាញ់ប្រហារនោះទេ យ៉ាងហោចដើម្បីកំញើញសត្រូវកុំឱ្យគេប្រើប្រាស់អាវុធដើម្បីគំរាមយើងដូចគ្នា។ នឹកដល់សម្តីអតីតកំពូលមេដឹកនាំចិន លោកម៉ៅសេទុង បាននិយាយថា «ប្រជាជនចិន ចាំបាច់ត្រូវតែមានគ្រាប់បែកបរមាណូ ទោះបីពួកគេគ្មានសម្លៀកបំពាក់កក់ក្តៅសម្រាប់ស្លៀកពាក់ក្តី»។
និយាយបែបនេះមិនមែនមានន័យថា យើងត្រូវយល់ស្របតាមយុទ្ធសាស្ត្រកូរ៉េខាងជើង ក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែវាមានសារៈសំខាន់សម្រាប់ពិភពលោក ក្នុងការមានទស្សនៈវិជ្ជមាន សម្លឹងមើលស្ថានភាពជាក់ស្តែង ដើម្បីយើងអាចដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើងកាន់តែមានប្រសិទ្ធភាព។
ដោយសារក្តីព្រួយបារម្ភចម្បងរបស់លោក Kim គឺការបន្តជីវិតនៃរបបកុម្មុយនីស តើយើងអាចបញ្ចុះបញ្ចូលឱ្យលោកបញ្ឈប់ការផលិតអាវុធបានទេ ទាំងដែលលោកដឹងច្បាស់ថាអាវុធជាមធ្យោបាយដ៏រឹងមាំតែមួយគត់ ដើម្បីធានាបានថា របបនយោបាយរបស់លោកនឹងមិនផ្លាស់ប្តូរ?
ប៉ុន្មានសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានប្រកាសថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនហ៊ានបង្ខំឱ្យមានការផ្លាស់ប្តូររបបរបស់ប្រទេស កូរ៉េខាងជើង នោះទេ។ តែក្រោយមកអ្វីៗត្រូវបានផ្លាស់ប្តូរ។ មិនត្រឹមតែមិនបានគាំទ្រចំពោះអ្វីដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានលើកឡើងប៉ុណ្ណោះទេ ប៉ុន្តែប្រធានាធិបតី Donald Trump ថែមទាំងនិយាយដោយបង្កក្តីឈឺចាប់កាន់តែខ្លាំងឡើងជំនួសវិញនៅក្នុងសេចក្តីថ្លែងការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថា «សហរដ្ឋអាមេរិកនឹងបំផ្លាញប្រទេសកូរ៉េខាងជើងទាំងស្រុង ប្រសិនបើប្រទេសនេះប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន»។
ទង្វើទាំងនេះ ធ្វើឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង កាន់តែមិនអាចទុកចិត្តលើពាក្យសន្យារបស់អាមេរិក ទោះក្នុងមធ្យោបាយបែបណាក្តី។ តើឱ្យទុកចិត្តយ៉ាងដូចម្តេច បើសូម្បីឯកអគ្គរដ្ឋអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិលោក John Bolton បង្ហាញទស្សនៈប្រឆាំងដាច់អហង្កា មិនធ្វើការដោះស្រាយជាមួយប្រទេសប្រកាន់របបអាក្រក់ដូចជា កូរ៉េខាងជើង ម្យ៉ាងទៀត សមាជិកសភាគណបក្សសាធារណរដ្ឋ លោក Lindsey Graham បាននិយាយដោយបើកចំហថា ប្រសិនបើមនុស្សរាប់ពាន់នាក់ត្រូវស្លាប់ដោយសារសង្គ្រាមជាមួយកូរ៉េខាងជើង អ្នកស្លាប់ទំាងនោះត្រូវតែជាជនជាតិកូរ៉េខាងជើង មិនមែនជនជាតិអាមេរិកនោះទេ។ នេះមិនបាននិយាយដល់រឿងដែលរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំដោយលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលអ្នកកាន់តំណែងមុនៗបានចំណាយពេលច្រើនឆ្នាំដើម្បីចរចាផងនោះ។
រំឮកដល់រឿងអាស្រូវមួយរបស់សហរដ្ឋអាមេរិកគឺនាឆ្នាំ១៩៩៤ ភាពតានតឹងយ៉ាងខ្លាំងបានកើនឡើងនៅឧបទ្វីបកូរ៉េ។ ពេលនោះសង្គ្រាមសឹងតែផ្ទុះឡើងម្តងៗ នោះក៏ដោយសារតែមានរបាយការណ៍ស៊ើបការណ៍សម្ងាត់បង្ហាញថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងដំណើរការរោងចក្រ plutonium ឡើងវិញ ដើម្បីបង្កើនសមត្ថភាពផលិតគ្រាប់បែក។ ដោយគ្មានភាគីណា ចង់ឱ្យសង្រ្គាមផ្ទុះឡើង ទីបំផុតពួកគេអង្គុយចុះដើម្បីជជែកគ្នា។ នាថ្ងៃទី២១ ខែតុលា រដ្ឋាភិបាលក្រោមការដឹកនាំដោយលោកគ្លីនតុន និងលោកគីមជុងអ៊ីល ដែលជាឪពុកនៃមេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយហៅកាត់ថា AF។
តាមរយៈកិច្ចចរចារនេះ សហរដ្ឋអាមេរិកយល់ព្រមផ្គត់ផ្គង់ប្រេងឥន្ធនៈធន់ធ្ងន់ដើម្បីបំពេញភាពខ្វះខាតផ្នែកផលិតកម្មអគ្គីសនី និងកសាងរោងចក្រផ្សេងៗ ជាថ្នូរនឹងការបិទរោងចក្រ Plutonium ដែលត្រូវបានចាត់ទុកជាដំណោះស្រាយរយៈពេលវែង។
ជាអកុសលអ្នកនយោបាយគណបក្សសាធារណរដ្ឋមួយចំនួនទាំងនៅក្នុង និងក្រៅសភាបានជំទាស់នឹងកិច្ចព្រមព្រៀងនេះ ព្រមទំាងបានធ្វើយុទ្ធនាការប្រឆាំងយ៉ាងខ្លាំង មិនខុសពីសមាជិកបក្សសាធារណរដ្ឋនាបច្ចុប្បន្ននេះ ដែលប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់លោក អូបាម៉ា ជាមួយប្រទេសអ៊ីរ៉ង់ដូច្នោះដែរ។ រយៈពេលមួយទស្សវត្សរ៍បានកន្លងផុត ទៅកិច្ចព្រមព្រៀង AF ហាក់គ្មានផលផ្លែអ្វីទាល់តែសោះ ដោយសារតែអាមេរិកមិនបានគោរពតាមកិច្ចព្រមព្រៀងនោះទេ។
ជាក់ស្តែងការដឹកជញ្ជូនឥន្ធនៈធុនធ្ងន់មកផ្គត់ផ្គងកូរ៉េខាងជើង មានភាពយឺតយ៉ាវ ខណៈការសាងសង់គ្រឹះសម្រាប់រោងចក្រក៏យឺតជាងការគ្រោងទុក អ្វីដែលកាន់តែអាក្រក់នោះ គឺសហរដ្ឋអាមេរិកមិនបានចូលរួមផ្តល់ថវិកាសម្រាប់ការសាងសង់នេះឡើយ។ ដោយឃើញទង្វើបែបនេះ កូរ៉េខាងជើងឆ្លើយតបវិញដោយការបន្តដំណើរការរោងចក្រ Plutonium ឡើងវិញ។
ដូច្នេះឱកាសដើម្បីកសាងទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង និងការអូសទាញរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចេញពីមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនត្រូវបានបាត់បង់ ដោយសារតែអាមេរិកមិនបានគោរពតាមការសន្យារបស់ខ្លួន។ ហេតុនេះតើយើងត្រូវធ្វើដូចម្តេច? ប្រសិនបើមិនមានហេតុផលសមស្របសម្រាប់កូរ៉េខាងជើង អាចជឿទុកចិត្តបានថា របបនយោបាយរបស់ខ្លួននឹងនៅតែមានសុវត្ថិភាពដោយគ្មានអាវុធនុយក្លេអ៊ែរទេនោះ ពិភពលោកត្រូវតែបង្ខំចិត្តរស់នៅជាមួយនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែនេះមិនមែនមានន័យថា អាវុធនេះមិនបានបង្កផលប៉ះពាល់ទាំងស្រុងដល់ពិភពលោកនោះទេ។
ការពិតទៅអ្វីដែលអ្នកពាក់ព័ន្ធត្រូវបារម្ភមិនមែនខ្លាចសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងនោះទេ ប៉ុន្តែកូរ៉េខាងជើងនឹងនៅតែជាបញ្ហាមួយសម្រាប់ប្រទេសជិតខាងរបស់ខ្លួនសម្រាប់ពេលអនាគតព្រោះថា ការវិវត្តន៍នៃឧស្សាហកម្មអាវុធកូរ៉េខាងជើង ផ្តល់លេសសម្រាប់សហរដ្ឋអាមេរិកដើម្បីបន្តលក់អាវុធ និងរក្សាវត្ថមានយោធារបស់ខ្លួននៅតំបន់អាស៊ី។
ជាមួយគ្នានេះ ក្តីបារម្ភសំខាន់មួយទៀតទាក់ទងនឹងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺវាទំនងជាលើកទឹកចិត្តដល់ប្រទេសជប៉ុន ក្នុងការចងកម្លាំងយោធាជាថ្មី ព្រមទាំងឈានដល់ការផលិតអាវុធនុយក្លេអ៊ែរផងដែរ។ កុំភ្លេចថាសម្រាប់ជប៉ុន ការផលិតអាវុធនុយក្លេអ៊ែរ ជារឿងងាយបំផុត។ ហេតុនេះមិនមែនអាវុធកូរ៉េខាងជើងទេ ដែលត្រូវបារម្ភ ការពិតប្រទេសជប៉ុនទើបជាក្តីបារម្ភ ដែលជាដៃគូប្រជែងយ៉ាងពិតប្រាកដមិនមែនសម្រាប់តែចិនប៉ុណ្ណោះទេ គឺអាមេរិកផងដែរ៕