(អង់ការ៉ា)៖ អាជ្ញាធរតួកគី នៅថ្ងៃចន្ទនេះ បានបើកការស៊ើបអង្កេតមួយដើម្បីស្វែងរកការពិតថាតើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google បានរំលោភលើច្បាប់ប្រកួតប្រជែងដោយស្មោះត្រង់ ដូចការចោទប្រកាន់មែន ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ការស៊ើបអង្កេតខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរតួកគីទទួលបានពាក្យបណ្ដឹងមួយថាក្រុមហ៊ុន Google បានរំលោភលើច្បាប់ ប្រកួតប្រជែង តាមរយៈការបង្កផលលំបាកនានាដល់បណ្ដាក្រុមហ៊ុនជាគូប្រជែងដទៃ។ ដោយឡែក បើតាមអាជា្ញធរតួកគី ការស៊ើបអង្កេតនេះនឹងមានគោលដៅផងដែរលើក្រុមហ៊ុនដូចជា Google Reklamcilik ve Pazarlama, Google International LLC, Google LLC, Google Ireland Limited និងក្រុមហ៊ុន Alphabet Inc។ ប៉ុន្តែ មកទល់នឹងពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ មិនទាន់ ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរតួកគី ធ្លាប់បានពិន័យក្រុមហ៊ុន Google ម្ដងរួចមកហើយជាប្រាក់១៧.៣៨លានដុល្លារ សម្រាប់ការរំលោភលើច្បាប់ប្រកួតប្រជែង ពាក់ព័ន្ធនឹងកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនរបស់ខ្លួន៕