(ប៉េកាំង)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥទ្ធិពលចិននៅក្នុងតំបន់អាហ្វ្រិកបានរីកធំធាត់យ៉ាងឆាប់រហ័ស តាមរយៈកម្មវិធីសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដែលបាននិងកំពុងផ្ដល់កម្ចីរាប់ពាន់លានដុល្លារ គ្មានលក្ខខណ្ឌដល់ទ្វីបអាហ្រ្វិកទាំងមូល។ ប៉ុន្តែព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិក និងអឺរ៉ុបបានព្រមានអាហ្រ្វិកជាច្រើនដងឱ្យប្រយ័ត្ននឹងជំនួយចិន ព្រោះវាគឺជាអន្ទាក់បំណុល។

តើជំនួយរបស់ចិនគឺជាអន្ទាក់បំណុលមែនឬទេ? ហេតុអ្វីបានជាបណ្ដាប្រទេសអាហ្វ្រិកស្រឡាញ់ចិន? តាមការពិតអ្វីដែលគេដឹងជំនួយពី​មហាយក្សចិនពិតជាបានជួយអភិវឌ្ឍអាហ្រ្វិក ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធ។

អាហ្រ្វិកមើលឃើញចិន ខុសពីបណ្ដាប្រទេសលោកខាងលិច

សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបសុទ្ធតែព្រួយបារម្ភចំពោះវត្តមាន ក៏ដូចជាឥទ្ធិពលចិននៅក្នុងតំបន់អាហ្វ្រិក ជាមួយការព្រមានថា ប្រទេសណាដែលហ៊ានទទួលយកជំនួយពីចិន នោះពួកគេនឹងធ្លាក់ចូលអន្ទាក់បំណុលរបស់ចិន។ តែផ្ទុយទៅវិញ បណ្ដាប្រទេសអាហ្វ្រិក​ភាគច្រើនបែរជាយល់ថាចិនគឺជាដៃគូដ៏ធំទៅវិញ ហើយកាន់តែពង្រីកទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។ ពីព្រោះពួកគេយល់ថាចិន មិនមែនជាប្រទេសដើរដាក់អាណានិគមលើប្រទេសដទៃ និងមានការយោគយល់ ព្រមទាំងគោរពផលប្រយោជន៍អាហ្រ្វិកជាអទិភាព។ កាន់តែពិសេសទៅទៀត ជំនួយរបស់ចិនមិនមានភ្ជាប់ជាមួយលក្ខខណ្ឌដូចប្រទេសលោកខាងលិចឡើយ ខណៈបច្ចុប្បន្នការវិនិយោគរបស់ ចិនមានច្រើនជាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបទៅទៀត។

អាហ្រ្វិកមិនដែលស្ថិតក្រោមអាណានិគមរបស់ចិន

នៅអំឡុងកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក (FOCAC) កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្នុងប្រទេសចិន ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានទាត់ចោលចំពោះទស្សនៈដែលថាអាហ្វ្រិកកំពុងធ្លាក់ចូលក្រោមអាណានិគមជាថ្មីរបស់​ចិន។

មេដឹកនាំអាហ្វ្រិកភាគច្រើន មានទំនោរងារទៅរកចិនកាន់តែខ្លាំង ដោយសារតែ​ប្រទេសរបស់ពួកគេមិនធ្លាប់ស្ថិតនៅ​ក្រោមអាណានិគមចិន តែបែរជាធ្លាប់នៅក្រោមអាណានិគមលោកខាងលិច។ ដូច្នេះ នៅក្នុងកែវភ្នែកមេដឹកនាំអាហ្វ្រិក​យ៉ាងណាក៏ចិន នៅល្អជាងលោកខាងលិច​បន្តិចបន្តួចដែរ ហើយម្យ៉ាងវិញទៀត ពួកគេក៏ចូលចិត្តទទួលយកជំនួយពីចិនជាងអឺរ៉ុប ឬអាមេរិក ដ្បិតជំនួយចិនគឺ ជាជំនួយឥតលក្ខខណ្ឌ មិនប៉ះពាល់ច្រើនដល់សង្គមវប្បធម៌អាហ្វ្រិក។ រីឯជំនួយមកពីលោកខាងលិច ភាគច្រើនគឺភ្ជាប់មកជាមួយលក្ខខណ្ឌសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលកំពុងបង្កឱ្យមានភាពល្អក់កករជាមួយថ្នាក់ដឹកនាំអាហ្រ្វិក។ ជាឧទាហរណ៍ជាក់ស្ដែង បណ្ដាប្រទេសអឺរ៉ុប​បានរិះគន់ និងដាក់សម្ពាធលើប្រទេសអាហ្រ្វិកមួយចំនួនឱ្យទទួលយកច្បាប់អនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា​មុននឹងទទួលយកជំនួយនានា។

ហេតុអ្វីបានជាអាហ្រ្វិកស្រឡាញ់ចិន?

១. កិច្ចសហប្រតិបតិ្តការ និងការផ្ដល់ជំនួយកម្ចីឥតលក្ខខណ្ឌរបស់ចិន បានជួយឱ្យរដ្ឋាភិបាលអាហ្រ្វិកជាច្រើនមានលទ្ធភាពធ្វើកំណែទម្រង់​នយោបាយ និងសេដ្ឋកិច្ចឱ្យស្របទៅតាមបទដ្ឋានលោកខាងលិច។ ការវិនយោគរបស់ចិន កាលពីឆ្នាំ២០១៦ បានកើនឡើងរហូត ដល់១២៨ពាន់លានដុល្លារ បើធៀបទៅនឹងឆ្នាំ១៩៨០ គឺមានត្រឹមតែ១ពាន់លានដុល្លារ។ បន្ថែមពីលើនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏បានសន្យាដែរថាទីក្រុងប៉េកាំងនឹងផ្ដល់ជំនួយ៦០ពាន់លានដុល្លារទៀតសម្រាប់ទ្វីបអាហ្រិ្វក រហូតដល់ឆ្នាំ២០២១។

២. ជំនួយរបស់ចិនបានឆ្លើយតបទាន់ពេលវេលានឹងកំណើនតម្រូវការនៃប្រជាជនអាហ្វ្រិក ក្នុងវិស័យសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ពោលគឺប្រជាជននៅក្នុងតំបន់អាហ្វ្រិកស្ទើតែទាំងមូល កំពុងប្រើប្រាស់សេវាកម្ម ការដឹកជញ្ជូន ការអប់រំ សុខាភិបាល និងទូរគមនាគមន៍ របស់ក្រុមហ៊ុនចិន។

៣. ចិនក៏កំពុងចូលរួមក្នុងការថែក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាហ្រ្វិកស្រាប់។ កងទ័ពចិនបានចូលរួមជាមួយបេសកកម្មចំនួន៨ របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្រ្វិកចំនួន៥។ មិនតែប៉ុណ្ណោះ ចិនក៏ជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុដ៏ធំលំដាប់លេខ២ ដល់បេសកកម្មអង្គការសហប្រជាជាតិផងដែរ។

៤. ភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន កំពុងទាក់ទាញចំណាប់អារម្មណ៍ឱ្យបណ្ដាប្រទេសអាហ្វ្រិកមួយចំនួនចង់រៀនសូត្រ​តាម។ ជាក់ស្ដែង បើតាមធនាគារពិភពលោក ប្រទេសចិនបានយកប្រជាជនជាង៨០០លាននាក់​ចេញពីភាពក្រីក្រក្នុងរយៈពេលជាង​៤០ឆ្នាំមកនេះ៕

ប្រភព៖ Al Jazeera