(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ចិន Huawei នាថ្ងៃចន្ទនេះ បានបង្ហាញខ្លួនបន្ទះឈីប CPU សម្រាប់ប្រើក្នុងម៉ាស៊ីន Server (បណ្តាញម៉ាស៊ីនរក្សាទុកទិន្នន័យ) ដែលមានឈ្មោះថា Kunpeng 920 ដើម្បីប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ក្រុមហ៊ុន Huawei បានអះអាងថា បន្ទះឈីប Kunpeng 920 របស់ខ្លួនគឺជា CPU សម្រាប់ប្រើប្រាស់ក្នុងម៉ាស៊ីន Server ដែលផ្អែកលើស្ថាបត្យកម្មផលិត ARM (ARM architecture) មានល្បឿនលឿនជាងគេបង្អស់ ដោយបន្ទះឈីបនេះផ្តល់សមត្ថភាពខ្ពស់ខ្លាំងក្នុងការធ្វើប្រតិបត្តិការសម្រាប់ម៉ាស៊ីន Server ហើយស្របពេលជាមួយគ្នាការប្រើប្រាស់ថាមពលក៏ត្រូវបានកាត់បន្ថយថែមមួយកម្រិតទៀត។
គួរជម្រាបថា Kunpeng 920 គឺជាប្រភេទបន្ទះឈីបមានទំហំត្រឹម ៧ណាណូម៉ែត្រប៉ុណ្ណោះ (7nm) ដោយបច្ចេកវិទ្យានេះអនុញ្ញាតឲ្យឧបករណ៍តូចៗមានកម្លាំងខ្លាំង និងសន្សំសំចៃថាមពលជាងបច្ចេកវិទ្យាបន្ទះឈីបជំនាន់មុនៗ។ ទោះជាបែបនេះក្តី Kunpeng 920 ពុំមែនជាបន្ទះឈីប 7mn ទីមួយរបស់ Huawei ឡើយ ដោយក្រុមហ៊ុននេះ មានបន្ទះឈីប Kirin 980 ដែលរចនាឡើងសម្រាប់ស្មាតហ្វូនរបស់ខ្លួនផ្ទាល់ ព្រមទាំងបន្ទះឈីប Ascend 910 ដែលត្រូវបានបង្កើតឡើង ដើម្បីមើលខុសត្រូវកម្មវិធី AI ដែលដំណើរការលើប្រព័ន្ធ Cloud។ Ascend 910 ក៏ត្រូវបានរចនាឡើងសម្រាប់ម៉ាស៊ីន Server ផងដែរ ក៏ប៉ុន្តែមានមុខងារខុសពីបន្ទះឈីបថ្មី Kunpeng 920៕