(ហ្គាបុង)៖ ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសអាហ្វ្រិកកណ្តាលហ្គាបុង (Gabon) បានទទួលបរាជ័យហើយ ដោយពេលនេះកងកម្លាំងរដ្ឋាភិបាល បានក្តោបក្តាប់ស្ថានការណ៍មកវិញទាំងស្រុង ខណៈមនុស្ស ០៤នាក់ត្រូវបានចាប់ខ្លួន និងម្នាក់ទៀតដែលរដ្ឋាភិបាលប្រកាសចាប់ខ្លួនផងដែរនោះ កំពុងតែរត់គេចខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters និង BNO News នាល្ងាចថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ទាហានមួយចំនួននៅក្នុងប្រទេសហ្គាបុង បានរៀបចំធ្វើរដ្ឋប្រហារ ខណៈដែលលោកប្រធានាធិបតី អាលី បុងហ្គោ (Ali Bongo) កំពុងតែសម្រាកព្យាបាលជំងឺនៅប្រទេសម៉ូរ៉ូកូ ដែលស្ថិតនៅក្នុងតំបន់អាហ្វ្រិកដូចគ្នា។ ពីដំបូងឡើងយោធាដែលដឹកនាំដោយមេទ័ពមួយរូបឈ្មោះ ឃែលលី អូនដូ អូប៊ីយ៉ាង (Kelly Ondo Obiang) បានប្រកាសក្រោយរឹបអូសស្ថានីយវិទ្យុជាតិហ្គាបុងថា «អ្នកគាំទ្ររបស់យើងពិតជាខកចិត្តខ្លាំងណាស់ ចំពោះសារដែលរដ្ឋាភិបាលលោក បុងហ្គោ បានថ្លែងនៅថ្ងៃឆ្លងឆ្នាំសកល...។ ដូច្នេះយើងបានបង្កើតក្រុមប្រឹក្សាស្តារមួយ ដើម្បីលើកស្ទួយប្រជាធិបតេយ្យឡើងវិញ និងអំពាវនាវឲ្យកងទ័ពទាំងអស់ងើបឡើងដើម្បីគ្រប់គ្រងមូលដ្ឋានទ័ពទាំងអស់ក្នុងប្រទេស...»។
គួរបញ្ជាក់ថា បន្ទាប់ពីការថ្លែងតាមវិទ្យុ ដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ក៏មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ទៀតឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិ ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន មូលដ្ឋានទ័ព និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត ក៏ត្រូវបានយោធាក្រសោបគ្រប់គ្រងជាស្ថាពរផងដែរ រួមជាមួយតំណឹងអំពីប្រព័ន្ធអ៊ីនធើណែតទូទាំងប្រទេស Gabon ត្រូវបានកាត់ផ្តាច់ ខណៈសំឡេងផ្ទុះអាវុធត្រូវគេលឺចេញពីរដ្ឋធានីលីប្រេវាលថែមទៀត។
លោក Ali Bongo បានឡើងកាន់តំណែងជាប្រធានាធិបតី Gabon បន្តដំណែងពីឪពុករបស់លោកគឺលោក អូម៉ារ បុងហ្គោ (Omar Bongo) កាលពីឆ្នាំ២០០៩ ខណៈគ្រួសាររបស់លោក បានដឹកនាំប្រទេសអាហ្រ្វិកកណ្ដាលមួយនេះ ជាង ៥០ឆ្នាំមកហើយ។ លោក Ali Bongo បានចាកចេញពីប្រទេសអស់រយៈពេល ០២ខែ ក្រោយមានសេចក្ដីរាយការណ៍ថា លោកមានជំងឺសសៃឈាមកាលពីខែតុលា ហើយទទួលការព្យាបាលក្នុងប្រទេសម៉ារ៉ុក។
យ៉ាងណាក៏ដោយ ក្រៅពីការចេញផ្សាយព័ត៌មាននៅមុននេះបន្តិចថា ស្ថានការណ៍នៅក្នុងប្រទេសត្រូវបានកងកម្លាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បុងហ្គោ ក្តោបក្តាប់មកវិញនោះ គេក៏នៅមិនទាន់មានព័ត៌មានអ្វីបញ្ជាក់បន្ថែមទៀតនោះដែរ ព្រោះអ្វីៗគ្រប់យ៉ាងក្នុងប្រទេសអាហ្វ្រិកកណ្តាលនេះ ត្រូវបានរឹតត្បិតពីពិភពលោកខាងក្រៅហើយ។
ដោយឡែក មកទល់នឹងពេលនេះរដ្ឋាភិបាល Gabon មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺវាបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា យោធាអាមេរិកចំនួន ៨០នាក់បានទៅដល់រដ្ឋធានី Libreville របស់ប្រទេស Gabon ដែលមានព្រំដែនជាប់កុងហ្គោ កាលពីថ្ងៃពុធសប្ដាហ៍មុន ដើម្បីត្រៀមឆ្លើយតបទៅនឹងអំពើហិង្សា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលកំពុងប្រឈមមុខនឹងវិបត្តិអំឡុងការបោះឆ្នោតប្រធានាធិបតី៕