(សាន់ហ្វ្រាន់ស៊ីស្កូ)៖ គោលនយោបាយថ្មីរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានបំណងទប់ស្កាត់កុំឱ្យវិស័យបច្ចេកវិទ្យាចិន លុកលុយចូលទីផ្សារអាមេរិក បាននិងកំពុងបំផ្លាញដល់ការវិនិយោគរបស់ចិន នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលទើបតែបើកដំណើរការ និងត្រូវការការវិនិយោគជាចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើដែលខ្លួនទទួលបានពីមេធាវីជាច្រើននាក់ បានឱ្យដឹងទៀតថា ក្រុមអ្នកវិយោគចិនតូចធំមួយចំនួនបានដើរចេញពីកិច្ចព្រមព្រៀង និងលុបចោលរាល់ជំនួបជាមួយបណ្ដាក្រុមហ៊ុនអាមេរិក ដែលទើបដំណើរការដោយសារតែព្រួយបារម្ភខ្លាចក្រែងការវិនិយោគ ឬទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានរឹបអូស ឬបង្កកក្រោមគោលនយោបាថ្មីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមានគោលដៅទប់ស្កាត់កុំឱ្យបច្ចេកវិទ្យាចិនលុកលុយចូលទីផ្សារ និងស្ថាប័នរដ្ឋអាមេរិកនានា។
គួរបញ្ជាក់ថា ការវិនិយោគរបស់ចិននៅក្នុងបណ្ដាក្រុមហ៊ុនអាមេរិកទើបបង្កើតថ្មី មានរហូតដល់ ៣ពាន់លានដុល្លារឯណោះ កាលពីឆ្នាំ២០១៨។ ប៉ុន្តែចំនួននេះបានធ្លាក់ចុះជាបន្តបន្ទាប់ក្រោយលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ថ្មីមួយដោយអនុញ្ញាតឱ្យ អាជ្ញាធរអាមេរិកបិទខ្ទប់ការវិនិយោគពីបរទេស ក្នុងក្រុមហ៊ុនអាមេរិក៕