(អាហ្វ្រិក)៖ ក្រុមមន្ត្រីយោធានៅក្នុងប្រទេសហ្គាបុង (Gabon) នៃតំបន់អាហ្វ្រិកកណ្តាល បានរឹបអូសអំណាចពីលោកប្រធានាធិបតី អាលី បុងហ្គោ (Ali Bongo) នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅអាហ្វ្រិកកណ្តាល) ខណៈមានសេចក្ដីរាយការណជាច្រើនថា ការរឹបអូសអំណាចនេះ គឺជាការធ្វើរដ្ឋប្រហារយ៉ាងពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
មន្ត្រីយោធាជាន់ខ្ពស់ក្នុងប្រទេស Gabon បាននិយាយថា ពួកគេបានធ្វើរដ្ឋប្រហារមួយ ដើម្បីស្ដារលិទ្ធិប្រជាធិបតេយ្យ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក យោធាបានគ្រប់គ្រងស្ថានីយវិទ្យុរដ្ឋនៅម៉ោងប្រមាណជា ៤៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដើម្បីអានសេចក្ដីថ្លែងការណ៍របស់ពួកគេ និងប្រកាសពីបង្កើតក្រុមប្រឹក្សាស្ដារជាតិឡើងវិញ។ មិនតែប៉ុណ្ណោះរថក្រោះ ព្រមទាំងរថពាស ដែកជាច្រើនគ្រឿងក៏ត្រូវបានគេមើលឃើញនៅតាមដងផ្លូវនៃរដ្ឋធានី លីប្រេវាល (Libreville) ផងដែរ។
បន្ថែមពីខាងលើនេះទៀត ព្រលានយន្តហោះអន្តរជាតិ ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន មូលដ្ឋានទ័ព និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត ក៏ត្រូវបានយោធាក្រសោបគ្រប់គ្រងជាស្ថាពរផងដែរ។ ពុំទាន់មានការបញ្ជាក់អ្វីលម្អិតបន្ថែមឡើយ ព្រោះតែប្រព័ន្ធអ៊ីនធើណែតទូទាំងប្រទេស Gabon ត្រូវបានកាត់ផ្តាច់ ខណៈសំឡេងផ្ទុះអាវុធត្រូវគេលឺចេញពីរដ្ឋធានីលីប្រេវាលថែមទៀត។
លោក Ali Bongo បានឡើងកាន់តំណែងជាប្រធានាធិបតី Gabon បន្តដំណែងពីឪពុករបស់លោកគឺលោក អូម៉ារ បុងហ្គោ (Omar Bongo) កាលពីឆ្នាំ២០០៩ ខណៈគ្រួសាររបស់លោក បានដឹកនាំប្រទេសអាហ្រ្វិកកណ្ដាលមួយនេះ ជាង ៥០ឆ្នាំមកហើយ។ លោក Ali Bongo បានចាកចេញពីប្រទេសអស់រយៈពេល ០២ខែ ក្រោយមានសេចក្ដីរាយការណ៍ថា លោកមានជំងឺសសៃឈាមកាលពីខែតុលា ហើយទទួល ការព្យាបាលក្នុងប្រទេសម៉ារ៉ុក។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះរដ្ឋាភិបាល Gabon មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺវាបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា យោធាអាមេរិកចំនួន ៨០នាក់បានទៅដល់រដ្ឋធានី Libreville របស់ប្រទេស Gabon ដែលមានព្រំដែនជាប់កុងហ្គោ កាលពីថ្ងៃពុធសប្ដាហ៍មុន ដើម្បីត្រៀមឆ្លើយតបទៅនឹងអំពើហិង្សា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលកំពុងប្រឈមមុខនឹងវិបត្តិអំឡុងការបោះឆ្នោតប្រធានាធិបតី៕